ថ្នាលធនាគារជាតិនៃកម្ពុជា

ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)

ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) ជាប្រព័ន្ធដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (អ្នកទទួលសេវា) ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិចជាមួយអ្នកទទួលសេវាផ្សេងទៀត ដែលជាសមាជិក NBCP ឬជាមួយធនាគារជាតិនៃកម្ពុជា។ បច្ចុប្បន្ន NBCP មានមុខងារដូចជាការដេញថ្លៃ ការចុះបញ្ជីមូលបត្រ ការជួញដូរមូលបត្ររដ្ឋ/រូបិយប័ណ្ណរវាងសមាជិកក្នុងថ្នាល ការរក្សាទុកមូលបត្រ ការទូទាត់សាច់ប្រាក់ចំពោះប្រតិបត្តិការជួញដូរ និងចែករំលែកព័ត៌មានជូនអ្នកជួញដូរដែលជាគ្រឹះស្ថានសមាជិក។ អ្នកទទួលសេវាអាចធ្វើការស្នើលើលក្ខខណ្ឌនៃការជួញដូរផងដែរ ដូចជាស្នើទំហំ អត្រាការប្រាក់ តម្លៃ ឬឥណប្រតិទានជាដើម មុននឹងធ្វើការឯកភាពបញ្ជាទិញ/លក់។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជាសម្រាប់ការដេញថ្លៃប្រតិបត្តិការ ផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ដេញថ្លៃមូលបត្រអាចជួញដូរបាន (NCD) ដេញថ្លៃមូលបត្ររដ្ឋ (Government Bond) ប្រតិបត្តិការជួញដូររូបិយប័ណ្ណ (FX) និងស្នើសុំឧបករណ៍ផ្ដល់សន្ទនីយភាពរយៈពេលខ្លី (MLF) និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា។

ថ្នាលធនាគារជាតិនៃកម្ពុជា បង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធ្វើប្រតិបត្តិការ ជាទម្រង់អេឡិចត្រូនិច ប្រកបដោយតម្លាភាព ទាន់ពេលវេលា សុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយហានិភ័យប្រតិបត្តិការ និងជួយជំរុញដល់ការអភិវឌ្ឍទីផ្សារអន្តរធនាគារ។