សញ្ញាប័ណ្ណចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា

មូលបត្រអាចជួញដូរបាន (Negotiable Certificate of Deposit - NCD)

មូលបត្រអាចជួញដូរបាន (NCD) ជាមូលបត្ររបស់ធនាគារជាតិនៃកម្ពុជា (Central Bank Bills) ដែលដើរតួនាទីជាឧបករណ៍រូបិយវត្ថុក្នុងការស្រូបសន្ទនីយភាពលើសពីប្រព័ន្ធធនាគារ និងជាឧបករណ៍ហិរញ្ញវត្ថុប្រើប្រាស់សម្រាប់ជាវត្ថុធានាដែលមានហានិភ័យទាប។ NCD ត្រូវបានជួញដូរនៅក្នុងទីផ្សារបន្ទាប់ដែលមានកម្រិតសន្ទនីយភាពខ្ពស់ ហើយត្រូវបានទទួលជាវត្ថុធានានៅក្នុងប្រតិបត្តិការផ្សេងៗដូចជា កម្ចីអន្តរធនាគារ ឬប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជាដូចជា ប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ឧបករណ៍ផ្ដល់សន្ទនីយភាពរយៈពេលខ្លី (MLF) និងឥណទានវិបារូបន៍ (Overdraft) ជាដើម។

ការដេញថ្លៃធ្វើឡើងជាទម្រង់ការដេញថ្លៃដោយប្រកួតប្រជែង (Competitive Bids) ដោយការស្នើអត្រាការប្រាក់របស់វិនិយោគិនទាំងអស់នឹងត្រូវតម្រៀបតាមលំដាប់ពីទាបទៅខ្ពស់ ដើម្បីជាមូលដ្ឋានកំណត់អ្នកឈ្នះ។ ចំនួនអ្នកឈ្នះគឺអាស្រ័យទៅលើទំហំដែលដាក់ឱ្យដេញថ្លៃមួយលើក និងទំហំដែលនៅសល់ពីការតម្រៀបតាមលំដាប់។ លើសពីនេះ អត្រាការប្រាក់នឹងកំណត់តាមអភិក្រមតម្លៃតែមួយ (Single Price Auction) ដោយកំណត់ដូចៗគ្នាតាមអត្រាចំណូលគឺអត្រារបស់អ្នកដេញថ្លៃខ្ពស់ជាងគេ ក្នុងចំណោមអត្រាចំណូលរបស់អ្នកដេញថ្លៃដែល បានដាក់ស្នើឈ្នះ។

ធនាគារជាតិនៃកម្ពុជាអាចសម្រេចទទួលទិញ (NCD) មកវិញមុនពេលដល់ឥណប្រតិទានតាមថ្លៃអប្បហារ ក្នុងពេលដែលអ្នកកាន់កាប់មូលបត្រ មានការលំបាកក្នុងការស្វែងរកអ្នកទិញនៅក្នុងទីផ្សារ ដែលតម្លៃមូលបត្រនឹងត្រូវអាស្រ័យលើរយៈពេលកាន់កាប់ និងអត្រាអប្បហាររបស់ធនាគារជាតិនៃកម្ពុជា។



គ្រឹះស្ថានដែលមិនមែនជាសមាជិក NBCP ត្រូវបំពេញលក្ខខណ្ឌខាងក្រោម មុនការចូលរួមដេញថ្លៃ៖

១/- ស្នើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)

២/- ចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាកម្មពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្រជាមួយធនាគារជាតិនៃកម្ពុជា។

សេចក្ដីជូនដំណឹង និងឯកសារពាក់ព័ន្ធសំខាន់ៗ
ថ្ងៃខែចេញផ្សាយ ឯកសារពាក់ព័ន្ធ ទាញយកឯកសារ
៤ សីហា ២០២៣ សេចក្ដីជូនដំណឹងស្ដីពី ការបន្ថែមឥណប្រតិទានប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) មានឥណប្រតិទាន ៧ថ្ងៃ និងការដាក់ឱ្យដេញថ្លៃមូលបត្រអាចជួញដូរបាន (NCD) រៀងរាល់សប្តាហ៍ ទាញយកឯកសារ
១៦ មករា ២០២៣ សេចក្ដីជូនដំណឹងស្ដីពី ការផ្លាស់ប្ដូរយន្តការ និងលក្ខខណ្ឌនៃការជាវ មូលបត្រអាចជួញដូរបានទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ទាញយកឯកសារ
៩ សីហា ២០២២ សេចក្ដីជូនដំណឹងស្ដីពី ការដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងមូលបត្រអាចជួញដូរបាន(ប្លុកឆេន) ទាញយកឯកសារ
១៦ កញ្ញា ២០១៦ សេចក្ដីជូនដំណឹងស្ដីពី កាលបរិច្ឆេទនៃការចេញផ្សាយមូលបត្រអាចជួញដូរបាន រៀងរាល់សប្ដាហ៍ ទាញយកឯកសារ
៣០ តុលា ២០១៥ សេចក្ដីជូនដំណឹងស្ដីពី ការបន្ថយតម្លៃចារឹកមូលបត្រអាចជួញដូរបាន និងការឈប់ផ្ដល់សេវាទទួលប្រាក់បញ្ញើមានកាលកំណត់ ទាញយកឯកសារ
១៥ តុលា ២០១០ ប្រកាសស្ដីពី ការចេញផ្សាយមូលបត្រអាចជួញដូរបានដោយធនាគារជាតិនៃកម្ពុជា ទាញយកឯកសារ