ការអនុវត្តនយោបាយរូបិយវត្ថុ

ក្របខ័ណ្ឌប្រតិបត្តិការរូបិយវត្ថុ


ធនាគារជាតិនៃកម្ពុជា ជះឥទ្ធិពលដល់អត្រាការប្រាក់នៅក្នុងទីផ្សារអន្តរធនាគារតាមរយៈប្រតិបត្តិការរូបិយវត្ថុ ដោយការកំណត់អត្រាការប្រាក់យោងលើឧបករណ៍រូបិយវត្ថុ និងការគ្រប់គ្រងទំហំសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ។ ការគ្រប់គ្រងសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ ត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់នូវឧបករណ៍រូបិយវត្ថុដូចជា ប្រតិបត្តិការទីផ្សារចំហ ការបោះផ្សាយមូលបត្រធនាគារកណ្តាល ការធ្វើប្រតិបត្តិការទទួលទិញវិញ និងការផ្តល់សន្ទនីយភាពរយៈពេលខ្លីជាដើម។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាកំណត់យកអត្រាការប្រាក់ របស់ប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែលមានឥណប្រតិទាន ៧ថ្ងៃ ជាអត្រាការប្រាក់យោង។ នយោបាយរូបិយវត្ថុក៏ត្រូវបានអនុវត្តផងដែរដោយការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការកំណត់នូវអត្រាការប្រាក់បម្រុងកាតព្វកិច្ច។


បច្ចុប្បន្នមូលបត្រអាចជួញដូរបាន (NCD) ជាមូលបត្រធនាគារកណ្តាលដែលត្រូវបានប្រើប្រាស់ក្នុងការស្រូបសន្ទនីយភាពលើសពីប្រព័ន្ធធនាគារ។ ចំណែកឯ ប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ជាប្រតិបត្តិការទទួលទិញវិញ ហើយត្រូវបានប្រើប្រាស់ក្នុងការផ្តល់សន្ទនីយភាពទៅក្នុងប្រព័ន្ធធនាគារ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាធ្វើការផ្តល់សន្ទនីយភាពរយៈពេលខ្លីតាមរយៈឧបករណ៍ Marginal Lending Facility (MLF) ដែលឧបករណ៍នេះអាចជួយបំពេញតម្រូវការសន្ទនីយភាពជាប្រាក់រៀលស្ទើរតែភ្លាមៗ ដើម្បីសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀល និងមានឥណប្រតិទាន ១ថ្ងៃ ព្រមទាំងអាចពន្យារបានតាមការស្នើសុំ។ ឧបករណ៍ទាំងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ និងមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។


ដើម្បីជាក្របខ័ណ្ឌក្នុងការគ្រប់គ្រងអត្រាការប្រាក់នៅក្នុងទីផ្សារអន្តរធនាគារ ធនាគារជាតិនៃកម្ពុជាបានកំណត់នូវកូរីដ័រអត្រាការប្រាក់ (Interest Rate Corridor) ជាយន្តការក្នុងការអនុវត្តនយោបាយរូបិយវត្ថុ ដែលមាននូវអត្រាការប្រាក់ពិដាន (Ceiling Rate) អត្រាការប្រាក់យោង (Reference Rate) និងអត្រាការប្រាក់ ទាបបំផុត (Floor Rate)។ អត្រាទាំងនេះ ជាអត្រាការប្រាក់ដែលផ្តល់ជូនដោយផ្ទាល់ដោយធនាគារជាតិនៃកម្ពុជា ក្នុងប្រតិបត្តិការផ្តល់និងស្រូបសន្ទនីយភាព ហើយបានក្លាយជាអត្រាការប្រាក់យោងដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រើប្រាស់ក្នុងការកំណត់អត្រាការប្រាក់សម្រាប់កម្ចីដែលមានឥណប្រតិទានរយៈពេលខ្លីនៅក្នុងទីផ្សារអន្តរធនាគារ។



ឧបករណ៍ប្រតិបត្តិការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ជាឧបករណ៍កំណត់អត្រាការប្រាក់ពិដាន។ ចំណែកឯ ប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ឥណប្រតិទាន ៧ថ្ងៃ ដែលជាប្រតិបត្តិការទទួលទិញវិញ ជាឧបករណ៍កំណត់អត្រាការប្រាក់យោង (Reference Rate) និងមូលបត្រអាចជួញដូរបាន (NCD) ឥណប្រតិទាន ៧ថ្ងៃ ដែលជាមូលបត្រធនាគារកណ្តាល ជាឧបករណ៍កំណត់អត្រាការប្រាក់អប្បបរមា។


អត្រាការប្រាក់យោង ជាអត្រាការប្រាក់ចម្បងដែលធនាគារកណ្តាលកំណត់ជាគោលដៅសម្រាប់អត្រាការប្រាក់នៅក្នុងទីផ្សារអន្តរធនាគារ។ ធនាគារជាតិនៃកម្ពុជាកំណត់អត្រាការប្រាក់នៅក្នុងទីផ្សារអន្តរធនាគារ ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច ដូចជាបង្កើនអត្រាការប្រាក់នៅពេលដែលមានកំណើនអតិផរណាខ្ពស់ ឬការថយថ្លៃ នៃអត្រាប្តូរប្រាក់ ដើម្បីទ្រទ្រង់និរន្តរភាពកំណើន។


អត្ថប្រយោជន៍នៃការប្រើប្រាស់កូរីដ័រអត្រាការប្រាក់ (Interest Rate Corridor) គឺ៖

ក/-រក្សាស្ថិរភាពអត្រាការប្រាក់៖ ការកំណត់អត្រាការប្រាក់ដែលមានតម្លាភាព និងច្បាស់លាស់ បានផ្តល់ជាយន្តការកំណត់សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចកាត់បន្ថយភាពមិនច្បាស់លាស់ និងការប្រែប្រួលឆាប់ (Volatility) នៃអត្រាការប្រាក់នៅក្នុងទីផ្សារអន្តរធនាគារនិងដើម្បីធានាថាអត្រាការប្រាក់នៅក្នុងទីផ្សារអន្តរធនាគារស្ថិតនៅក្នុងកម្រិតរង្វង់មួយដែលកំណត់ដោយនយោបាយរូបិយវត្ថុ។


ខ/-សម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀល៖ កូរីដ័រអត្រាការប្រាក់បានបង្កើតផងដែរនូវឧបករណ៍រូបិយវត្ថុសម្រាប់ជាយន្តការបន្ថែម ដែលជួយសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពលើស ឬខ្វះប្រសើរជាងមុន និងអាចកាត់បន្ថយបរិមាណសាច់ប្រាក់បម្រុងដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវរក្សាទុកសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ សំដៅការកាត់បន្ថយអត្រាការប្រាក់ជាប្រាក់រៀល។