ប្រតិបត្តិការទទួលទិញវិញ
ប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (Liquidity Providing Collateralized Operation - LPCO)
ប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា LPCO ជាប្រតិបត្តិការទទួលទិញវិញ (REPOs) របស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ឱ្យដំណើរការដើម្បីផ្តល់សន្ទនីយភាពជាប្រាក់រៀលដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងគោលបំណងសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀល និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចប្រើប្រាស់មូលបត្រអាចជួញដូរបាន (NCD) មូលបត្ររដ្ឋ (Government Bond) និងសមតុល្យនៅក្នុងគណនីចរន្តជាវត្ថុធានាផងដែរ។
ធនាគារជាតិនៃកម្ពុជាធ្វើការកំណត់ទំហំ និងអត្រាសម្រាប់ដាក់ឱ្យដេញថ្លៃជារៀងរាល់សប្តាហ៍។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) អាចចូលរួមបានតាមរយៈការដេញថ្លៃនៅក្នុងប្រព័ន្ធ NBCP ដោយត្រូវផ្តល់ព័ត៌មាននូវទំហំទឹកប្រាក់ដែលស្នើសុំ និងអត្រាការប្រាក់។
ការដេញថ្លៃធ្វើឡើងជាទម្រង់ការដេញថ្លៃដោយប្រកួតប្រជែង (Competitive Bids) ដោយការស្នើអត្រាការប្រាក់របស់វិនិយោគិនទាំងអស់នឹងត្រូវតម្រៀបតាមលំដាប់ពីខ្ពស់មកទាប ដើម្បីជាមូលដ្ឋានកំណត់អ្នកឈ្នះ។ ចំនួនអ្នកឈ្នះ គឺអាស្រ័យទៅលើទំហំដែលដាក់ឱ្យដេញថ្លៃមួយលើក និងទំហំដែលនៅសល់ពីការតម្រៀបតាមលំដាប់។ លើសពីនេះ អត្រាការប្រាក់នឹងកំណត់តាមអភិក្រមតម្លៃតែមួយ (Single Price Auction) ដោយកំណត់ដូចៗគ្នាតាមអត្រាចំណូល គឺអត្រារបស់អ្នកដេញថ្លៃទាបជាងគេក្នុងចំណោមអត្រាចំណូលរបស់អ្នកដេញថ្លៃដែលបានដាក់ស្នើឈ្នះ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលដេញថ្លៃឈ្នះនឹងទទួលបានការជូនដំណឹងតាមរយៈ NBCP នេះផងដែរ និងត្រូវត្រៀមនូវវត្ថុធានាដើម្បីធ្វើការទូទាត់តាមពេលវេលាដែលបានកំណត់។
⁘ គ្រឹះស្ថានដែលមិនមែនជាសមាជិក NBCP ត្រូវបំពេញលក្ខខណ្ឌខាងក្រោម មុនការចូលរួមដេញថ្លៃ៖
១/- ស្នើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)
២/- ចុះកិច្ចសន្យាមេស្តីពីប្រតិបត្តិការទទួលទិញវិញជាមួយធនាគារជាតិនៃកម្ពុជា។

