០២ មិថុនា ២០១៥
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជានិងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្តីពី “ការធ្វើអង្កេតវិនិយោគផ្ទាល់បរទេស ឆ្នាំ២០១៥” ។ គោលបំណងនៃការធ្វើអង្កេតនេះ រួមមាន៖ ១) ប្រមូលព័ត៌មានអំពីវិនិយោគផ្ទាល់បរទេសក្នុងប្រទេសកម្ពុជា ២) ប្រមូលព័ត៌មានស្តីពីវិនិយោគរបស់កម្ពុជានៅក្រៅប្រទេស និង ៣) បង្កើនគុណភាពនៃការប្រមូលទិន្នន័យនានាទាក់ទងនឹងវិនិយោគផ្ទាល់បរទេស ។
គំនិតផ្តួចផ្តើមនៃកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិ ហើយស្ថាប័នទាំងពីរជា អ្នកទទួលបន្ទុកចំណាយ ទាំងអស់។ ការធ្វើអង្កេតនេះនឹងធ្វើឡើងរួមគ្នាដោយស្ថាប័នទាំងពីរ ហើយលទ្ធផលនៃការធ្វើអង្កេតដែលនឹងត្រូវចេញផ្សាយមុនដំណាច់ឆ្នាំ២០១៥ ដែលនឹងបង្ហាញពីសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យសំខាន់ៗ ចំពោះអ្នកវិនិយោគ ដែលនឹងបង្កើនភាពទាក់ទាញវិនិយោគផ្ទាល់បរទេសមកកម្ពុជាបន្ថែមទៀត សំដៅបន្តរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។
វត្តមាននៅក្នុងពិធីចុះហត្ថលេខា រួមមានតំណាងមកពី ធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី វិទ្យាស្ថានជាតិស្ថិតិ លោកជំទាវ ហង់ លីណា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការដ្ឋានអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ។ ទន្ទឹមនេះដៃគូអភិវឌ្ឍន៍ ដូចជាលេខាធិការដ្ឋានអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក បានសម្តែងការអបអរសាទរនិងគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ស្ថាប័នទាំងពីរ ។