០៩ មិថុនា ២០១៥
កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៥ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាក្នុងឱកាសអាហារពេលថ្ងៃត្រង់ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដែលរៀបចំដោយ សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា ។ អ្នកចូលរួមមានចំនួនប្រមាណជាង ៩០នាក់ អញ្ជើញមកពីសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងភាគីដទៃទៀតដែលមានចំណាប់អារម្មណ៍ ។ ក្នុងឱកាសនោះ លោកជំទាវ ជា សិរី បានធ្វើបទបង្ហាញស្ដីពីសារៈសំខាន់នៃស្ថិរភាពហិរញ្ញវត្ថុនិងរូបិយវត្ថុចំពោះការធើ្វអាជីវកម្ម បង្ហាញពីស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចកម្ពុជា និងចែករំលែកទស្សនៈវិស័យលើឱកាសនិងបញ្ហាប្រឈម ដែលអាចបណ្ដាលមកពីការចូលមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ និងកម្រិតខ្ពស់នៃដុល្លារូបនីយកម្មនៅកម្ពុជា ។ អ្នកចូលរួមមានសេចក្ដីសោមនស្សរីករាយ និងស្វែងយល់នូវចំនុចសំខាន់បី រួមមាន សារៈសំខាន់នៃស្ថិរភាពហិរញ្ញវត្ថុសម្រាប់អាជីវកម្មនិងគ្រួសារ ការទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការរក្សាស្ថិរភាព និងភាពចាំបាច់នៃការប្រើប្រាស់រូបិយវត្ថុជាតិ ។ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ និងកំពុងធ្វើការត្រៀមរៀបចំដាក់តាំងតម្លៃជារូបិយវត្ថុជាតិ ។