១១ មិថុនា ២០១៥
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជានិងភ្នាក់ងារសេវាហិរញ្ញវត្ថុជប៉ុន បានផ្លាស់ប្តូរសារលិខិតស្តីពីការចែករំលែកបទពិសោធន៏និងឯកទេសលើផ្នែកត្រួតពិនិត្យធនាគារ ។
ក្នុងបរិការណ៍ដែលសកលភាវូបនីយកម្មទីផ្សារហិរញ្ញវត្ថុពិភពលោក បានកើនឡើង ឥតឈប់ឈរ ការផ្លាស់ប្ដូរសារលិខិតនេះត្រូវបានធ្វើឡើង ក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរទាំងពីរ ។ ផ្អែកលើការផ្លាស់ប្ដូរសារលិខិតនេះ អាជ្ញាធរទាំងពីរនឹងលើកកម្ពស់ការផ្លាស់ប្តូរ បទពិសោធន៏ និងឯកទេស ដើម្បីលើក កម្ពស់ច្បាប់និងក្របខ័ណ្ឌបទប្បញ្ញត្តិនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងការពង្រឹងការត្រួតពិនិត្យ វិស័យធនាគារនៅក្នុងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព ។
ការផ្លាស់ប្ដូរសារលិខិតនេះនឹងផ្តល់ឱកាសដ៏ល្អមួយដល់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹង ចំណេះដឹងជាក់ស្ដែងនិងជំនាញបនែ្ថមទៀតដល់មន្ត្រីបុគ្គលិករបស់ខ្លួន ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍនិងការលើកកម្ពស់ស្ថិរភាពប្រព័ន្ធធនាគារ សំដៅគាំទ្រដល់ការអភិវឌ្ឍហិរញ្ញវត្ថុនិង ម៉ាក្រូសេដ្ឋកិច្ច ។