១២ មិថុនា ២០១៥
កាលពីព្រឹក ថៃ្ងទី១២ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម Nuttavudh PHOTISARO ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន របស់ឯកឧត្តម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃថ្មីនៅកម្ពុជានិងបានជម្រាបជូនពីការរីកចម្រើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជា ធនាគារកណ្តាលទាំងពីរ ។ តាមរយៈកិច្ចសហ ប្រតិបត្តិការល្អនេះ ប្រទេសទាំងពីរ បានជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យធនាគារ ។ លើសពីនេះ ក្នុងនាម ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ក៏ដូចជាធនាគារកណ្ដាលថៃ ដែលបានចូលរួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រព័ន្ធធនាគារ នារយៈពេលកន្លងមក។
ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ក៏បានសម្ដែងសេចក្ដីសោមនស្ស រីករាយដែលបានមក បំពេញបេសកកម្មនៅកម្ពុជា និងបានសន្យាថានឹងបន្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំងពីរជាពិសេសនៅក្នុងវិស័យធនាគារ ។