២៤ កញ្ញា ២០១៥
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងវេទិកាកំពូលអាស៊ាន-ចិនលើកទី៧ ស្តីពី “សហប្រតិបត្តិការនិងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ” ដែលសហការរៀបចំដោយទីផ្សារមាសសៀងហៃ និងភាគីពាក់ព័ន្ធនៅក្នុងទីផ្សារហិរញ្ញវត្ថុចិន នៅទីក្រុងណាននីង ប្រទេសចិន ។ វេទិកានេះ បានអញ្ជើញថ្នាក់ដឹកនាំធនាគារកណ្តាល និយត័ករហិរញ្ញវត្ថុនិងគ្រឹះស្ថានហិរញ្ញវត្ថុមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ក្នុងការអភិវឌ្ឍទីផ្សារមាស ក្នុងតំបន់ ។ វេទិកានេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្នុងវិស័យហិរញ្ញវត្ថុអាស៊ាននិងចិន ដើម្បីរឹតចំណងមិត្តភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងតំបន់ផងដែរ ។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ជា ចាន់តូ ក៏បានអនុញ្ញាតឱ្យលោក Luo Jun ប្រធានធនាគារ Guanghi Beibu Gulf Bank នៅប្រទេសចិន បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីសក្តានុពលនិងការរីកចម្រើនវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ។ ឯកឧត្តម ក៏បានអនុញ្ញាតឱ្យលោកស្រី Lila Lu នាយកប្រតិបត្តិផ្នែកទីផ្សារ របស់ ក្រុមហ៊ុន Shanghai Gold Exchange International បានជួបពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរ នាពេលអនាគត។