១៥ តុលា ២០១៥
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជំុរួមរបស់ក្រុមប្រឹក្សាភិបាល ទេសាភិបាលធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំឆ្នាំ២០១៥ ចាប់ពីថ្ងៃទី៨ ដល់១១ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងបង្កើតជាវេទិកាជូនថ្នាក់ដឹកនាំគោលនយោបាយសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិករបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ បានជួបជុំពិភាក្សាពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចពិភព លោកនិងតំបន់ បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ក្នុងការជំរុញកំណើននិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកជំទាវ Christine Lagarde នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ឯកឧត្តម Jim Yong Kim ប្រធានធនាគារពិភពលោក រដ្ឋមន្ត្រីហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល តំណាងវិស័យឯកជន និងសង្គមស៊ីវិល មកពីប្រមាណ ១៨០ ប្រទេស ។
នាឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរួមលើកទី៤៨ នៃទេសាភិបាល ធនាគារពិភពលោក/មូលនិធិរូបិយវត្ថុអន្តរជាតិ តំបន់អាសុីអាគ្នេយ៍ (SEAV Group) ដោយផ្តោតទៅលើបច្ចុប្បន្នភាពនៃគោលនយោបាយរបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ ទស្សនវិស័យលើស្ថិរភាពហិរញ្ញវត្ថុសកលនិងឥទ្ធិពលមកលើអាស៊ី ។