ព័ត៌មាន
សន្និសីទ​និង​សិក្ខាសាលា​ជាន់ខ្ពស់​ថ្នាក់​ទេសាភិបាល​នៃ​ធនាគារកណ្តាល​ស៊ា​សិន​ លើក​ទី​ ៥១​ ក្រោម​ប្រធានបទ​ “​ការ​លើកកម្ពស់​ភាព​ធន​មាំ​នៃ​សេដ្ឋកិច្ច​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​បរិស្ថាន​សកល​”​ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​ធនាគារកណ្តាល​ស៊ា​សិន​ លើក​ទី​ ៣៥
២៥ វិចិ្ឆកា ២០១៥

កាលពី​ថ្ងៃ​ទី​២៥​ ដល់​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ ចូលរួម​ក្នុង​សន្និសីទ​និង​សិក្ខាសាលា​ជាន់ខ្ពស់​ថ្នាក់​ទេសាភិបាល​នៃ​ធនាគារកណ្តាល​ស៊ា​សិន​ លើក​ទី​ ៥១​ ក្រោម​ប្រធានបទ​ “​ការ​លើកកម្ពស់​ភាព​ធន​មាំ​នៃ​សេដ្ឋកិច្ច​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​បរិស្ថាន​សកល​”​ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​ធនាគារកណ្តាល​ស៊ា​សិន​ លើក​ទី​ ៣៥​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ធនាគារកណ្តាល​ហ្វី​លី​ពី​ន​ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​ ។​ កិច្ចប្រជុំ​នេះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​ លោក​ Mitsuhiro​ Furusawa​ នាយករង​គ្រប់គ្រង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ លោក​ Takehiko​ Nakao​ ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ សាស្ត្រាចារ្យ​ Robert​ C.​ Merton​ ម្ចាស់​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច​ និង​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ដទៃ​ទៀត​ ។​ សន្និសីទ​និង​សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្តល់​ឱកាស​ជូន​ទេសាភិបាល​ធនាគារកណ្តាល​ស៊ា​សិន​ (South​ Est​ Asian​ Central​ Banks)​ ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​ ២០​ ប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ជួបជុំ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​សកល​និង​តំបន់​ កិច្ច​សហប្រតិបត្តិការ​ និង​គោលនយោបាយ​សំខាន់ៗ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញ​នៅ​ក្នុង​តំបន់​ ។​ ទន្ទឹម​នេះ​ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​ធនាគារកណ្តាល​ស៊ា​សិន​ក៏​បាន​ពិនិត្យ​មើលទៅ​លើ​ការ​រីក​ចម្រើន​នៃ​សកម្មភាព​របស់​ម​ជ្ឍ​មណ្ឌល​ស៊ា​សិន​នា​ឆ្នាំ​២០១៥​ នេះ​ និង​បាន​អនុ​ម​ត្រ​នូវ​ផែនការ​សកម្មភាព​ ឆ្នាំ​២០១៦​ សំដៅ​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​និង​កសាង​សមត្ថភាព​ជំនាញ​លើ​ប្រតិបត្តិការ​ធនាគារកណ្តាល​របស់​មន្ត្រី​ធនាគារកណ្តាល​ជា​សមាជិក​ទាំងអស់​ ។​ ជំនួប​ទាំងនេះ​ ក៏​បាន​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ជា​សមាជិក​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ផង​ដែរ​ ។​