២៦ វិចិ្ឆកា ២០១៥
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Mitsuhiro Furusawa នាយករងគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ បានជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ លោក Mitsuhiro Furusawa ត្រូវបានតែងតាំងជានាយករងគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ចាប់តាំងពីខែមីនា ឆ្នាំ២០១៥ ។
នាឱកាសនោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល បានជម្រាបជូនលោក Mitsuhiro Furusawa ពីស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យធនាគារនៅកម្ពុជា និងបានសម្តែងនូវអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចូលរួមចំណែកកសាងសមត្ថភាពនិងផ្តល់ជំនួយបច្ចកទេសមកកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងគោលដៅពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុឱ្យរីកចម្រើនប្រកបដោយចីរភាព ។ ទន្ទឹមនេះ លោក Mitsuhiro Furusawa ក៏បានអបអរសាទរចំពោះវឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ចនិងហរិញ្ញវត្ថុដែលកម្ពុជាសម្រេចបានកន្លងមក និងបានបញ្ជាក់ពីជំហររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា នាពេលខាងមុខ ។