ព័ត៌មាន
កិច្ចប្រជុំលើកទី១៩ ថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣
០៥ ឧសភា ២០១៦

កាលពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណ:ប្រតិភូ ទៅចូលរួមកិច្ចប្រជុំលើកទី១៩ ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងប្រចាំឆ្នាំក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់ថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន+៣ ពិភាក្សាលើវឌ្ឍនភាពការងារសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់ ក្នុងទិសដៅជំរុញសមាហរណកម្មវិស័យហិរញ្ញវត្ថុឲ្យកាន់តែស៊ីជម្រៅ និងពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់ ។ ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ បានអប់អរសាទរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពការងារសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់ដែលសម្រេចបានកន្លងមក និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិបន្ថែមទៀត ដើម្បីឲ្យវិស័យហិរញ្ញវត្ថុតំបន់កាន់តែមានភាពរឹងមាំ ដែលនឹងរួមចំណែកក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។

កិច្ចប្រជុំក៏បានពិភាក្សាជាមួយអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី និងប្រធាន AMRO (Asean+3 Macroeconomic Research Office) អំពីស្ថានភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមរបស់តំបន់ និងពិភពលោក និងគោលនយោបាយដោះស្រាយ ដើម្បីគាំទ្រកំណើន ។

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ក៏បានចូលរួមកិច្ចប្រជុំរវាងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ និងទេសាភិបាលនៃធនាគារកណ្តាលអឺរ៉ុប និងបណ្តាធនាគារកណ្តាលនៃប្រព័ន្ធអឺរ៉ូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលនៃតំបន់ទាំងពីរ ។