០៧ កក្កដា ២០១៦
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតិឱ្យក្រុមបេសកកម្មមាត្រាទី ៤ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោកស្រី Sonali Jain-Chandra នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា ។ នៅក្នុងជំនួបនោះ ឯកឧត្តម ទេសាភិបាល បានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពនិងបញ្ហាប្រឈម របស់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងបានស្នើឱ្យ IMF ជួយបន្តផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា ។ ជាកិច្ចឆ្លើយតប ក្រុមបេសកកម្ម ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា ហើយបានគាំទ្រគោលនយោបាយ ដែលធនាគារជាតិបានអនុវត្ត ។ លោកស្រី Sonali ក៏បានលើកឡើងថា នាពេលកន្លងមក ធនាគារជាតិនៃកម្ពុជាតែងតែអាចគ្រប់គ្រងហានិភ័យនៅក្នុងប្រព័ន្ធធនាគារឱ្យមានកម្រិតទាប និងជំរុញវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន សំដៅចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ។ ជារួម IMF ក៏បានបង្ហាញជំហរបន្តផ្តល់ជំនួយបច្ចេកទេសមកកម្ពុជាផងដែរ ។