១២ កក្កដា ២០១៦
កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកវេទិកាពិភាក្សាស្តីពី បរិយាប័ន្នហិរញ្ញវត្ថុតំបន់មេគង្គ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារ អាំងទែកង់ទីណុងតាល់ ។ វេទិកានេះត្រូវបានរៀបចំដោយ ធនាគារជាតិនៃកម្ពុជា សហការជាមួយបណ្តាញធនាគារសម្រាប់ ប្រជាជនក្រីក្រ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងមានសិក្ខាកាមមកពីប្រទេសតំបន់ទន្លេមេគង្គ និងប្រទេសផ្សេងទៀតចូលរួមប្រមាណ ជាង ៣០០ នាក់ ។
គោលបំណងនៃវេទិកានេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងរវាងប្រទេស ប្រទេសនានា និងស្ថាប័នទាំងអស់ សំដៅធ្វើឱ្យបរិយាប័ន្នហិរញ្ញវត្ថុក្នុងមហាអនុតំបន់ទន្លេមេគង្គកាន់តែ រីកចម្រើន ។