ព័ត៌មាន
ជំនួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន
២៦ កក្កដា ២០១៦

នៅ​រសៀល​ថ្ងៃ​ទី​ ២៦​ ខែកក្កដា​ ឆ្នាំ​២០១៦​ នេះ​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ តំណាង​របស់​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​ កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​ ចូល​ជួប​ សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ។​ 

​ជំនួប​ពិភាក្សា​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​  និង​ លោក​ William​ G.​ Lafferrandre​ III​ ប្រធាន​គណៈប្រតិភូ​ និង​សមាជិក​ដែល​ជា​មន្ត្រី​ ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ធំៗ​ចំនួន​ ១០​ ។​ គោលបំណង​នៃ​ជំនួប​ពិភាក្សា​នេះ​គឺ​ដើម្បី​ ស្វែង​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​និង​ទីផ្សារ​ ក៏​ដូច​ជា​ឱកាស​វិនិយោគ​និង​ការ​ពង្រីក​ពាណិជ្ជកម្ម​ បន្ថែម​នៅ​កម្ពុជា​ ជា​ពិសេស​បន្ទាប់​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​ អាស៊ាន​ (AEC)​ ។​ ក្រុម​គណៈប្រតិភូ​ក៏​បាន​ជម្រាប​ជូន​លោក​ជំទាវ​ទេសាភិបាល​រង​ និង​អង្គ​ ប្រជុំ​អំពី​ចំណាប់​ អារម្មណ៍​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ជាតិ​ (National​ Shared​ Switch)​ ដើម្បី​ទូទាត់​ថ្លៃ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អន​ឡាញ​ ។​ ទន្ទឹម​នេះ​ ក្រុម​គណៈប្រតិភូ​ក៏​បាន​គាំទ្រ​ យុទ្ធសាស្ត្រ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​ ប្រើប្រាស់​ប្រាក់​រៀល​ ផង​ដែរ​ ។​

​ជាទី​បញ្ចប់​ លោក​ជំទាវ​ទេសាភិបាល​រង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​ សហរដ្ឋអាមេរិក​ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​ តាម​រយៈ​ជំនួយ​ បច្ចេកទេស​ និង​វគ្គ​បណ្តុះបណ្តាល​នានា​ ។​