ព័ត៌មាន
ជំនួប​ពិភាក្សា​រវាង​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​លោក​ Cheng​ Si​ Qing​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​ជានា​យក​គ្រប់គ្រង​របស់​ធនាគារ​ចិន​លី​មី​ធី​ត​ប្រចាំ​ប្រទេស​ចិន​
០៥ កញ្ញា ២០១៦

ធនាគារ​របស់​ប្រទេស​ចិន​គ្រោង​បើក​សាខា​របស់​ខ្លួន​ចំនួន​២​បន្ថែម​ទៀត​មួយ​នៅ​ខេត្តសៀមរាប​ និង​នៅ​ខេត្ត​ព្រះ​សីហ​នុប​ន្ទា​ប់​ពី​ធនាគារ​ធំ​នៅ​ក្រុងភ្នំពេញ​ ដើម្បី​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​ ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​នោះ​។​ គម្រោង​នៃ​ការ​ពង្រីក​សាខា​បន្ថែម​របស់​ធនាគារ​ចិន​នៅ​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​ ទាំង​ពីរ​នេះ​ត្រូវ​បាន​លោក​ Cheng​ Si​ Qing​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​ជានា​យក​គ្រប់គ្រង​របស់​ធនាគារ​ចិន​លី​មី​ធី​ត​ ប្រចាំ​ប្រទេស​ចិន​បញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ខណៈ​ដែល​លោក​បាន​ដឹកនាំ​ប្រតិភូ​របស់​ខ្លួន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ នៅ​ក្នុង​ឱកាស​នោះ​លោក​ Cheng​ Si​ Qing​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ការ​សម្រេចចិត្ត​បើក​សាខា​របស់​ធនាគារ​ចិន​បន្ថែម​នៅ​ខេត្តសៀមរាប​ និង​ ខេត្ត​ព្រះ​សីហ​នុ​នៅ​ពេល​ខាង​មុន​នេះ​គឺ​ដោយសារ​ពិនិត្យ​ឃើញ​ថា​វិស័យ​ធនាគារ​ ពិសេស​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​គឺ​មានការ​រីក​ចម្រើន​ខ្លាំង​ ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ មានការ​ប្រែប្រួល​ ពិសេស​គឺ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ យ៉ាងណា​ក៏​ដោយ​ក៏​វិស័យសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​កំណើន​មួយ​ដ៏​ល្អ​ប្រសើរ​ដដែល​។​ ហើយ​បើ​ប្រៀបធៀប​ កាលពី​ទស្សវត្សរ៍​៩០​ ដែល​លោក​បាន​មក​កាន់​កម្ពុជា​ជា​លើក​ទី​មួយ​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​មិន​នឹក​ស្មាន​ដល់​ ។​

​ទាក់ទង​ការ​បើក​សាខា​របស់​ធនាគារ​ចិន​នៅ​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​នោះ​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សម្ដែង​ការ​ស្វា​គម​ន៏​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ ។​ ជាមួយ​នេះ​ដែរ​ឯកឧត្ដម​ ជា​ ចាន់​តូ​ បាន​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​ធនាគារ​ចិន​ នា​ពេល​នេះ​ថា​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ព្រោះថា​បច្ចុប្បន្ន​នេះ​កម្ពុជា​មានការ​វិនិយោគ​ពី​បរទេស​ច្រើន​ ពិសេស​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ ។​ ហើយ​តាម​រយៈ​ការ​បើក​សាខា​បន្ថែម​នេះ​ក៏​ជា​ការ​រួមចំណែក​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រឹង​មាំ​ និង​រីក​ចម្រើន​ ក្នុង​នោះ​រួម​ទាំង​វិស័យ​ធនាគារ​ផង​ដែរ​ ។​ ឯកឧត្តម​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ប្រតិភូ​ធនាគារ​ចិន​លី​មី​ធី​ត​បានដឹង​ដែរ​ថា​ កត្តា​ដែល​ធ្វើ​ឲ្យ​វិស័យ​ធនាគារ​នៅ​កម្ពុជា​មានកា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​នេះ​គឺ​អាស្រ័យ​ដោយ​គោលនយោបាយ​បើកចំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ពិសេស​ទៀត​នោះ​កត្តា​សន្តិសុខ​និង​ស្ថិរភាព​ខាង​នយោបាយ​ ។​ នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ Cheng​ Si​ Qing​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​ជានា​យក​គ្រប់គ្រង​របស់​ធនាគារ​ចិន​លី​មី​ធី​ត​ ប្រចាំ​ប្រទេស​ចិន​ក៏​បាន​អញ្ជើញ​ឯកឧត្តម​ ជា​ ចាន់​តូ​ ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង​ និង​ទីក្រុង​ហុងកុង​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ន៏​គ្នា​និង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ធនាគារ​រវាង​ប្រទេស​ទាំង​២​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទ្វេរ​ថែម​ទៀត​ ។​