០៩ កញ្ញា ២០១៦
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងជាសមាជិកនៃគណ:កម្មការជាន់ខ្ពស់បរិយាប័ន្នហិរញ្ញវត្ថុយ៉េនឌឺនិងស្ត្រី បានអញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយពិភពលោករបស់សម្ព័ន្ធមិត្តបរិយាប័ន្នហិរញ្ញវត្ថុ (AFI) នៅប្រទេសហ្វីជី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។ វេទិកានេះមានសមាជិកចូលរួមចំនួន៩៣ មកពីបណ្តាធនាគារកណ្តាលនៅជុំវិញពិភពលោក ដែលបានអនុម័តផែនការសកម្មភាព Denareau ស្តីអំពីការប្តេជ្ញាចិត្តរបស់ AFI ទៅលើបរិយាប័ន្នហិរញ្ញវត្ថុ ស្នើដោយគណ:កម្មការជាន់ខ្ពស់នៃបរិយាប័ន្នហិរញ្ញវត្ថុយ៉េនឌឺនិងស្ត្រី ។ នៅក្នុងប្រទេសកម្ពុជា ស្ត្រីដែលទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ននៅកម្រិតមីក្រូហិរញ្ញវត្ថុ គឺមាន៧៨% នៃអ្នកខ្ចីសរុបជាស្ត្រី។ ទោះបីជាយ៉ាងណា បរិយាប័ន្នហិរញ្ញវត្ថុនៅកម្រិតធនាគារនៅកម្ពុជា ត្រូវការពង្រឹងបន្ថែម ។ ក្នុងនាមជាសមាជិកនៃកិច្ចប្រជុំទូទៅប្រចាំឆ្នាំ AFI ធនាគារជាតិនៃកម្ពុជាបានប្តេជ្ញាចិត្តអនុវត្តផែនការសកម្មភាព ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុយ៉េនឌឺនិងស្ត្រី។