ព័ត៌មាន
ឯកឧត្ដម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​ ក្រុម​ប្រតិភូ​នាវា​យុទ្ធ​ជន​ អាស៊ី​អាគ្នេយ៍​កម្ពុជា​ ចូល​សម្តែង​ការ​គួរសម​ និង​ដើម្បី​ស្វែង​យល់​បន្ថែម​ លើ​ចំណេះដឹង​ថ្មីៗ​ ដែល​ជា​ពុទ្ធិ​ក្នុង​វិស័យ​ធនាគារ​
២៩ កញ្ញា ២០១៦

ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ចំនួន​ ២៨​នាក់​ ដែល​ត្រូវ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ជប៉ុន​ លើក​ទី​៤៣​ បាន​ទទួល​ការ​អនុ​ញ្ញតិ​ពី​ឯកឧត្ដម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ឲ្យ​ចូល​សម្ដែង​ការ​គួរសមរ​កាលពី​សៀ​ល​ថ្ងៃ​ទី​២៩​កញ្ញា​ដើម្បី​ស្វែង​យល់​បន្ថែម​លើ​ចំណេះដឹង​ថ្មីៗ​ដែល​ជា​ពុទ្ធិ​ក្នុង​វិស័យ​ធនាគារ​ ។​

លោក​ ស៊ា​ន​ សុ​លក្ខ​ណ័​ ប្រធាន​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ី​អា​គ្នេ​យ៏​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ជប៉ុន​លើក​ទី​៤៣​ នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យុវជន​កម្ពុជា​ ហើយ​ក៏​ជា​មុខមាត់​របស់​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​ ។​ ដូចនេះ​ក្នុង​នាម​ជា​យុវជន​តំណាង​ឲ្យ​ជាតិ​ទាំងមូល​នោះ​ចាំបាច់​ត្រូវ​មានការ​សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​ជាក់ស្ដែង​ដែល​កម្ពុជា​មាន​ក្នុង​នោះ​រួម​ទាំង​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​ផង​ដែរ​ ។​ លោក​ ស៊ា​ន​ សុ​លក្ខ​ណ័​ នូវ​បាន​ជម្រាប់​ជូន​ឯកឧត្ដម​ ជា​ ចាន់​តូ​ ឲ្យ​បាន​ជ្រាប់​ដែរ​ថា​ នៅ​ក្នុង​រយៈ​៥២​ថ្ងៃ​នៃ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ជប៉ុន​ នេះ​យុវជន​កម្ពុជា​នឹង​បង្ហាញ​ដល់​យុវជន​នៃ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ និង​ ជប៉ុន​ បានដឹង​ពី​ អរិយ្យ​ធ៌​ម​របស់​កម្ពុជា​ តំបន់​ប្រវត្តិសាស្ត្រ​ ប្រាង្គ​ប្រាសាទ​ សក្ដានុពល​ក្នុង​វិស័យ​ទេសចរ​ណ៏​និង​វិស័យ​ផ្សេង​ទៀត​ដែល​កម្ពុជា​មាន​ ។​ ជាមួយ​នេះ​ដែរ​ក៏​នឹង​បញ្ជាក់​ឲ្យ​គេ​បានដឹង​ថា​៖​ប្រទេស​កម្ពុជា​ពិតជា​មាន​សុខ​សន្តិភាព​ និង​មាន​ស្ថេ​រ​ភាព​ក្នុង​វិស័យសេដ្ឋកិច្ច​ ក្នុង​នោះ​រួម​ទាំង​ការ​រីក​ចម្រើន​នៃ​វិស័យ​ធនាគារ​ផង​ដែរ​ ។​

មាន​ប្រសា​ស​ន៏​ក្នុង​ឱកាស​នោះ​  ឯកឧត្ដម​ ជា​ ចាន់​តូ​ បាន​បញ្ជាក់​ថា​ ដើម្បី​មុខមាត់​មោទនភាព​ជាតិ​ និង​ គ្រួសារ​នោះ​នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​សិក្សា​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ជប៉ុន​ ទទួល​បាន​ជោគជ័យ​នោះ​យុវជន​ត្រូវ​មានការ​សាមគ្គី​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​នាម​ជា​អ្នកតំណាង​ឲ្យ​ជាតិ​ទាំងមូល​ ។​ ជាមួយ​នេះ​ដែរ​យុវជន​យើង​ត្រូវ​តែ​បង្ហាញ​ពី​ស្មារតី​សាមគ្គី​និង​កិច្ចសហការ​ទាំង​ផ្នែក​វប្ប​ធ៌​ម​ សេដ្ឋកិច្ច​ និង​ សង្គម​រវាង​យុវជន​អាស៊ាន​ និង​បណ្ដា​ប្រទេស​ជា​មិត្ត​របស់​អាស៊ាន​ ។​ ហើយ​នៅ​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​សិក្សា​នេះ​ដែរ​ត្រូវ​ចេះ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ការ​រស់នៅ​ របៀប​បរប​រស់នៅ​ ប្រពៃណី​វប្ប​ធ៌​ម​និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​នីមួយៗ​ដែល​បាន​ស្នាក់​នៅ​រៀនសូត្រ​ព្រោះ​នៅ​យុគសម័យ​នៃ​ការ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផ្អែក​លើ​ពុទ្ធិ​ គឺ​យុវជន​បាន​ដើរតួ​នាទី​និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​ ។​ ដើម្បី​ឲ្យ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​បាន​ផល​ល្អ​ត្រូវ​យកចិត្តទុកដាក់​ត្រង់ត្រាប់​ស្ដាប់​ គិតគូរ​ ចេះ​សួ​និង​ត្រូវ​ចេះ​កត់ត្រា​ឲ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​មាន​សារៈសំខាន់​ ។​ ជ​មួយ​នេះ​ដែរ​ក្នុង​តួនាទី​ជា​អ្នក​បន្តវេន​ត្រូវ​តែ​ខិតខំ​ស្វ័​យ​អភិវឌ្ឍ​ខ្លួនឯង​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​យកចំណេះ​ដឹង​ថ្មីៗ​និង​ការ​បណ្ដុះបណ្ដាល​អភិវឌ្ឍ​ខ្លួន​ទាំង​កម្លាំង​ប្រាជ្ញា​ ស្មារតី​ និង​ត្រូវ​មាន​មនសិការ​ស្នេហា​ជាតិ​ខ្ពស់​។​

ឯកឧត្ដម​ ជា​ ចាន់​តូ​ បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ណា​ដែល​យុវជន​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ គឺ​មាន​ន័យ​ថា​យុវជន​បាន​ស្គាល់​ខ្លួនឯង​ ស្គាល់​អត្តសញ្ញាណ​និង​ទីតាំង​ខ្លួន​ថា​នៅ​ទីណា​ ?​ និង​ត្រូវ​ទៅ​ណា​ ?​នោះ​ហើយ​ពិតជា​ទទួល​ជោគជ័យ​ក្នុង​ជិ​វិត​និង​ក្លាយជា​អ្នក​បន្តវេន​ពិតប្រាកដ​ ដែល​មាន​ទាំង​ចំណេះដឹង​ ចំណេះធ្វើ​ ដែល​ជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​នៅ​ក្នុង​ចូលរួម​ចំណែក​កសាង​សង្គម​កម្ពុជា​ឲ្យ​មាន​សន្តិភាព​ ស្ថិរភាព​នយោបាយ​ សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ និង​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ល្អ​សម្រាប់​ ជួយ​កែ​លម្អ​ជីវភាព​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​។​
​  នៅ​ក្នុង​ឱកាស​នោះ​ឯកឧត្ដម​ទេសាភិបាល​ បាន​សម្ដែង​ការ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖​តា​រយៈ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​  ជប៉ុន​ លើក​ទី​៤៣​នេះ​នឹង​ផ្ដល់​ឲ្យ​យុវជន​កម្ពុជា​នូវ​បទ​ពិសោធ​ន៏​និង​ចំណេះដឹង​ថ្មីៗ​បន្ថែម​សម្រាប់​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​និង​ការ​ពង្រឹង​និង​ពង្រីក​នូវ​សមត្ថភាព​ ភាព​អ្នកដឹកនាំ​សម្រាប់​បន្តវេន​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​សម្បូរ​រុងរឿង​ប្រកបដោយ​ការ​អភិវឌ្ឍ​ ។​

សូម​រំលឹក​ឲ្យ​ដឹង​ថា​ កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ជប៉ុន​នេះ​ ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​ផ្លូវការ​នៅ​ឆ្នាំ​២០០០​ បន្ទាប់​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិកសមាគម​ន៏​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​មួយ​ឆ្នាំ​នោះ​មក​ ។​ ហើយ​ម្ម​វិធី​នេះ​មាន​គោលបំណង​ដើម្បី​ព្រឹ​ង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​យុវជន​ប្រទេស​អាស៊ាន​ទាំងអស់​និង​យុវជន​ជប៉ុន​ ។​ ជាមួយ​នេះ​ក៏​បាន​ផ្ដល់​ឲ្យ​យុវជន​បាន​ស្វែង​យល់​ពី​វប្ប​ធ៌​ ប្រពៃណី​ កា​រស់នៅ​ និង​របៀបរបប​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​ និង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​បាន​ទស្សនកិច្ច​សិក្សា​តាម​ស្ថាប័ន​ធំៗ​ក្នុង​ប្រទេស​ទាំង​៥​ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។​ ហើយ​កម្មវិធី​លើក​ទី​៤៣​នេះ​នឹង​ចាប់ផ្ដើម​ចេញ​សំណើរ​ពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៦៕