ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​ពេញអង្គ​ប្រចាំឆ្នាំ​២០១៦​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ និង​ធនាគារពិភពលោក​ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ សហរដ្ឋអាមេរិក​ នា​ថ្ងៃ​ទី​៤-៩​ ខែតុលា​ ឆ្នាំ​២០១៦
០៤ តុលា ២០១៦

​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​ពេញអង្គ​ប្រចាំឆ្នាំ​២០១៦​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ និង​ធនាគារពិភពលោក​ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ សហរដ្ឋអាមេរិក​ នា​ថ្ងៃ​ទី​៤-៩​ ខែតុលា​ ឆ្នាំ​២០១៦​ ។​ មហាសន្និបាត​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ អម​ដោយ​សិក្ខាសាលា​លើ​ប្រធានបទ​សំខាន់ៗ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​និង​តំបន់​ ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ វិសមភាព​ចំណូល​ គោលនយោបាយ​សារពើពន្ធ​ រូបិយ​វត្ថុ​និង​ហិរញ្ញវត្ថុ​ និង​បញ្ហា​ប្រឈម​ចម្បងៗ​ ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​ ។​

​ឯកឧត្តម​ ជា​ ចាន់​តូ​ និង​គណៈប្រតិភូ​ ក៏​បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ នៃ​ការិយាល័យ​អាស៊ី​អាគ្នេយ៍​ (SEAV​ Group)​ ដើម្បី​ជួប​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​ពី​ស្ថានភាព​ពិភពលោក​ បញ្ហា​ប្រឈម​ក្នុង​តំបន់​ និង​គោលនយោបាយ​នានា​ ដែល​ប្រទេស​ជា​សមាជិក​ SEAV​ Group​ គួរ​អនុវត្ត​ សម្រាប់​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ។​

​ក្រៅពី​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​ គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជួប​ជាមួយ​នាយកដ្ឋាន​នានា​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ ដែល​ទទួល​បន្ទុក​ការងារ​កម្ពុជា​ រួម​មាន​ នាយកដ្ឋាន​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ និង​នាយកដ្ឋាន​ទីផ្សារ​ទុន​ ដើម្បី​ជម្រាប​ជូន​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​វិស័យសេដ្ឋកិច្ច​និង​ធនាគារ​កម្ពុជា​ បញ្ហា​ប្រឈម​ និង​តម្រូវការ​ជំនួយ​បច្ចេកទេស​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ ។​ ជា​រួម​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​កម្ពុជា​ និង​ការ​រីក​ចម្រើន​វិស័យ​ធនាគារ​ និង​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​កម្ពុជា​ តាម​រយៈ​ការ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ជួយ​តាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ ។​