២៤ តុលា ២០១៦
កាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Changyong Rhee ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោក Rhee អញ្ចើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០១៦ ។ បេសកកម្មនេះជាទស្សនកិច្ចលើកទី២ហើយរបស់លោក Rhee ចាប់តាំងពីឆ្នាំ២០០២ មក ។ ទស្សនកិច្ចរបស់លោក Rhee បានធ្វើឡើងបន្ទាប់ពី IMF បានចេញផ្សាយនូវរបាយការណ៍វាយតម្លៃវិជ្ជមានទៅលើស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០១៦ និងរយៈពេលមធ្យមខាងមុខ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ចាន់តូ បានជម្រាបជូនភ្ញៀវពីប្រវត្តិនៃវិស័យធនាគារកម្ពុជាចាប់ពីសម័យអាណាព្យាបាលបារាំងមក និងការឆ្លងកាត់ដំណាក់កាលសំខាន់ៗ ក្នុងដំណើរការអភិវឌ្ឍវិស័យធនាគាររហូតដល់បច្ចុប្បន្ន ។ ឯកឧត្តម ក៏បានជម្រាបជូនភ្ញៀវពីស្ថានភាពអភិវឌ្ឍថ្មីៗនៃវិស័យ ធនាគារ ជាពិសេសតួនាទីនៃវិស័យនេះក្នុងការផ្តល់ហិរញ្ញប្បទានដល់វិស័យចម្បងៗនៃសេដ្ឋកិច្ចដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ លោក Rhee បានកត់សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេស បើប្រៀបធៀបពេលដែលលោកមកធ្វើទស្សនកិច្ចកាលពី១៤ឆ្នាំមុន ។ លោកបានបញ្ជាក់ពីជំហរបស់ IMF ក្នុងការបន្តគាំទ្រ រាជរដ្ឋភិបាលកម្ពុជានិងធនាគារជាតិនៃកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុ តាមរយៈការបន្តជួយតាមដានវឌ្ឍភាពស្ថានភាពម៉ាក្រូសេដ្ឋកិច្ចជាប្រចាំ និងការផ្តល់ជំនួយបច្ចេកទេស ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ និងស្ថាប័ន ឱ្យកាន់តែរឹងមាំ ។