ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ Serge​ Kolb​ ទេសាភិបាល​រង​ធនាគារកណ្តាល​លុ​ច​សំបួ​ ចូល​ជួប​សម្តែង​ការ​គួរសម​ ពិភាក្សា​ការងារ​ និង​ធ្វើ​បទឧទ្ទេសនាម​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​
២២ វិចិ្ឆកា ២០១៦

កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ Serge​ Kolb​ ទេសាភិបាល​រង​ធនាគារកណ្តាល​លុ​ច​សំបួ​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ឆ្លៀត​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នេះ​ ឯកឧត្តម​ Serge​ Kolb​ បាន​ធ្វើ​បទឧទ្ទេសនាម​ ស្តី​ពី​ "​ការ​ប្រឈម​និង​កាលានុវត្តភាព​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​"​ ជូន​ថ្នាក់ដឹកនាំ​និង​មន្ត្រី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ ឯកឧត្តម​ Serge​ Kolb​ ស​ង្គ​ត់​ធ្ងន់​លើ​ការ​ពិភាក្សា​អំពី​ ៖​ ១/-​ សារៈសំខាន់​ក្នុង​ការ​ធ្វើ​បដិដុល្លារូបនីយកម្ម​ ២/-​ កំណើន​ឥណទាន​ និង​ទីផ្សារ​អចលនទ្រព្យ​ ព្រមទាំង​គោល​យោ​បាយ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​ ក្នុង​តំបន់​អាស៊ី​ និង​តំបន់​អឺ​រ៉ូ​ និង​ ៣/-​ ការ​ធ្វើ​ពិពិធ​កម្ម​ និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​:​ គោលនយោបាយ​រយៈពេល​មធ្យម​ និង​វែង​ ។​ 

​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាល​លុ​ច​សំបួ​ បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​ចាប់តាំងពី​ដើម​ទស្សវត្សរ៍​ឆ្នាំ​២០០០​មក​ ហើយ​តាម​រយៈ​ នេះ​ធនាគារកណ្តាល​លុ​ច​សំបួ​ បាន​ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ​ជា​រៀង​រាល់​ឆ្នាំ​ និង​ផ្តល់​ឱកាស​ឱ្យ​ដល់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ធ្វើ​កម្មសិក្សា​នៅ​ធនាគារកណ្តាល​លុ​ច​សំបួ​ លើ​ការងារ​ចម្បងៗ​របស់​ធនាគារកណ្តាល​ ។​