០១ ធ្នូ ២០១៦
ក្នុងឱកាសចូលរួមវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ៖ “កម្ពុជា: ព្រះរាជាណាចក្រនៃកាលានុវត្តភាពនៅតាមបណ្តោយខ្សែក្រវាត់មួយ-ផ្លូវមួយ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ។ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖
គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ គឺជាយុទ្ធសាស្ត្ររយៈពេលវែងដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកពង្រឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ។ ការទទួលអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ គឺដោយសារកម្ពុជាមានសក្តានុពលជាច្រើន ដើម្បីពង្រីកទំនាក់ទំនងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចចម្បងៗដទៃទៀត ។
ដើម្បីគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ ធនាគារជាតិនៃកម្ពុជាបាននិងកំពុង ៖
- ពង្រឹងកិច្ចសហប្រតិបត្តិការល្អនៅក្នុងវិស័យធនាគារនៃប្រទេសចិននិងកម្ពុជា ដែលសម្រួលដល់លំហូរមូលធននិងការទូទាត់ដែលគាំទ្រដល់កំណើនវិនិយោគនិងពាណិជ្ជកម្ម
- គាំទ្រគោលនយោបាយអន្តរជាតូបនីយកម្មប្រាក់យ៉ន់របស់រដ្ឋាភិបាលចិន ដោយបានអនុញ្ញាតឱ្យមានការទូទាត់ក្នុងវិស័យធនាគារ ដែលបានធ្វើឱ្យប្រតិបត្តិការពាណិជ្ជកម្មរវាងចិននិងកម្ពុជា កាន់តែមានភាពឆាប់រហ័ស ហើយហានិភ័យអត្រាប្តូរប្រាក់ក៏ត្រូវបានកាត់បន្ថយផងដែរ ។
- បង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកចម្បងៗនានា រួមមាន៖ ទីផ្សារភាគហ៊ុនមាស ការទូទាត់ឆ្លងប្រទេស និងយន្តការក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រេឌីតប្យួរ៉ូកម្ពុជា-ចិន និងប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀត ។