១៤ ធ្នូ ២០១៦
នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យលោកបណ្ឌិត Sudip Ranjan Basu មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារសេដ្ឋកិច្ចរបស់អង្គការយូអិនអេស្កាប់ (UN-ESCAP) ចូលជួបពិភាក្សាការងារ ។ គោលបំណងនៃជំនួបនេះគឺដើម្បីសិក្សា វាយតម្លៃ និងពិនិត្យលើការអនុវត្តការងារកម្មវិធីសកម្មភាពអ៊ីស្តាន់ប៊ូល (IPoA) ២០១១-២០២០ ដំណើរការងើបចេញពីប្រភេទប្រទេសដែលមានការអភិវឌ្ឍតិចតួច (Least Developed Countries Graduation) និងការអនុវត្តគោលដៅការអភិវឌ្ឍន៍ប្រកបដោយចិរភាព (Sustainable Development Goals ) របស់អង្គការសហប្រជាជាតិ និងផែនការដើម្បីជួយជំរុញការអនុវត្តការងារទាំងនោះ។ ក្នុងជំនួបនោះលោកបណ្ឌិតបានជម្រាបជូនអំពីការងារសំខាន់ៗចំនួនបីរបស់ UN-ESCAP ១). ការងារជាមួយអន្តររដ្ឋាភិបាល ២). ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ៣). ការកសាងសមត្ថភាពចំពោះប្រទេសដែលជាសមាជិករបស់ UN-ESCAP ។ ជាមួយគ្នានេះ លោកជំទាវ ទេសាភិបាលរង ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងការងារជាអាទិភាពសំខាន់ៗដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្តបន្ត ជាពិសេស ការជំរុញបរិយាប័ន្ននៅកម្ពុជា ។