២២ កុម្ភៈ ២០១៧
នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំមួយក្រោមអធិបតីភាព របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាង សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលពាក់ព័ន្ធមួយចំនួនទៀត ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងនិរន្តរភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងបំបាត់ការឃោសនា កេងប្រវ័ញ្ច និងបោកប្រាស់ប្រជាពលរដ្ឋពីសំណាក់ជនឆ្លៀតឱកាសមួយចំនួន ។ ការពិភាក្សាបានផ្តោតទៅលើ៖ ១). ការផ្សព្វផ្សាយបន្ថែមអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋ ២).ការប្តូរនិមិត្តសញ្ញា (Logo) និង ៣). កិច្ចសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីពង្រីកការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីឲ្យកាន់តែទូលំទូលាយ ។