ព័ត៌មាន
លោក​ជំទាវ​ អ៊ុ​ក​ ម៉ា​លី​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​តំណាង​មក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​
២៣ កុម្ភៈ ២០១៧

​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​ របស់​ លោក​ជំទាវ​ អ៊ុ​ក​ ម៉ា​លី​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​មានការ​ចូលរួម​ពី​តំណាង​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ ប្រមាណ​៣០០​នាក់​ ។​ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ ១).​ ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​រួម​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ និង​ ២).​ ការ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​ មិនមែន​ជា​របស់​រដ្ឋ​”​ ការ​បន្ថែម​ពាក្យ​ “​ឯកជន​”​ និង​ការ​ប្តូរ​និមិត្តសញ្ញា​ (Logo)​ របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ។​ ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​បាន​ផ្តល់​ Poster​ សេចក្តីថ្លែងការណ៍​រួម​ដល់​តំណាង​គ្រឹះស្ថាន​ដែល​បាន​ចូលរួម​ ដើម្បី​បិត​ផ្សាយ​នៅ​ទីស្នាក់ការ​កណ្តាល​ និង​សាខា​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ ។​