ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ តា​កា​យ៉ុ​ស្ស៊ិ​ ហ្វឹ​តា​អេ​ នាយក​ប្រតិបត្តិ​ធនាគារ​ ប្រចាំ​តំបន់​អាស៊ី​និង​អូ​សេ​អា​នី
២០ មីនា ២០១៧

​នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ធនាគារ​ធំ​ជាងគេ​នៅ​ជប៉ុន​ The​ Bank​ of​ Tokyo-Mitsubishi​ UFJ​ ដឹកនាំ​ដោយ​ លោក​ តា​កា​យ៉ុ​ស្ស៊ិ​ ហ្វឹ​តា​អេ​ នាយក​ប្រតិបត្តិ​ធនាគារ​ ប្រចាំ​តំបន់​អាស៊ី​និង​អូ​សេ​អា​នី​ អំពី​កា​រវិ​វត្ត​រីក​ចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ។​

​ក្នុង​ជំនួប​ពិភាក្សា​នេះ​ លោក​ ហ្វឹ​តា​អេ​ បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ធនាគារ​ និង​សេដ្ឋកិច្ច​កម្ពុជា​ជា​រួម​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ និង​យកចិត្តទុកដាក់​ចំពោះ​ការ​វិនិយោគ​ពី​ក្នុង​ និង​ក្រៅ​ស្រុក​ ។​ ទន្ទឹម​នោះ​ ធនាគារ​ The​ Bank​ of​ Tokyo-Mitsubishi​ UFJ​ ក៏​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ និង​ទុន​វិនិយោគ​របស់​ខ្លួន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​រីក​ចម្រើន​ ក៏​ដូច​ជា​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ ។​

​ជា​កិច្ច​ឆ្លើយ​តប​ ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ មាន​សេចក្តី​រីករាយ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួមចំណែក​របស់​ The​ Bank​ of​ Tokyo-Mitsubishi​ UFJ​ នៅ​កម្ពុជា​ ហើយ​ក៏​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ធនាគារ​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​និង​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ ។​

​ធនាគារ​ The​ Bank​ of​ Tokyo-Mitsubishi​ UFJ​ ជា​ធនាគារ​ដ៏​ធំ​ជាងគេ​នៅ​ប្រទេស​ជប៉ុន​ និង​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​បំផុត​របស់​ពិភពលោក​ ដែល​មាន​ដើមទុន​ប្រមាណ​ ១៥​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ មាន​សាខា​ក្នុងស្រុក​និង​បរទេស​ជាង​ ៨០០​ និង​បុគ្គលិក​សរុប​ជាង​ ៣៥​ពាន់​នាក់​ ។​ វត្តមាន​របស់​ធនាគារ​ធំ​ជាងគេ​របស់​ជប៉ុន​មួយ​នេះ​ ក៏​បាន​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​ និង​ទស្សនវិស័យ​នា​ពេល​ខាង​មុខ​ ។​