២១ មីនា ២០១៧
នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទថ្នាក់តំបន់សម្រាប់បណ្តាប្រទេសអាស៊ានស្តីពីការអភិវឌ្ឍថ្មីៗ នៅក្នុងស្ថិតិធនាគារកណ្តាល។ សន្និសីទនេះមានគោលបំណងចែករំលែកបទពិសោធន៍ពីការផលិតនិងការគ្រប់គ្រងទិន្នន័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាននិងទិន្នន័យក្នុងតំបន់ ដោយមានការចូលរួមពី តំណាងធនាគារកណ្តាលមកពីអាស៊ី អឺរ៉ុបនិងអាមេរិកឡាទីន ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) និងធនាគារកណ្តាលអឺរ៉ុប (ECB) ប្រមាណ២៤ប្រទេសនិងស្ថាប័ន ដែលមានអ្នកចូលរួមប្រមាណ ១០០ រូប។
នាឱកាសនោះ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនដើម្បីចែករំលែកបទពិសោធន៍ ក្នុងការងារស្ថិតិ នៅក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ស្ថិតិធនាគារកណ្តាល។ ឯកឧត្តម ទេសាភិបាលរងបានលើកឡើងពីវឌ្ឍនភាពនៃស្ថិតិ ដែលធនាគារជាតិនៃកម្ពុជាទទួលបន្ទុកដំឡើងស្ថិតិជញ្ជីងទូទាត់ ស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ សូចនាករស្ថិរភាពហិរញ្ញវត្ថុ ស្ថានភាពវិនិយោគអន្តរជាតិ បំណុលក្រៅប្រទេស និងស្ថិតិសំខាន់ៗដទៃទៀត។ បច្ចុប្បន្ន ស្ថិតិទាំងនេះត្រូវបានធ្វើឱ្យប្រសើរឡើងជាលំដាប់និងកាន់តែមានភាពសុក្រិត ហើយសាធារណជនអាចទទួលទិន្នន័យទាំងនេះបានងាយស្រួល តាមយៈគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាក៏បានចែករំលែកទិន្នន័យដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO) ផងដែរ។ ធនាគារជាតិនៃកម្ពុជាបានសហការដើម្បីពង្រឹងគុណភាពស្ថិតិនៅក្នុងតំបន់និងត្រៀមខ្លួនដើម្បីបង្កើនកិច្ចសហការនានា ក្នុងគោលបំណងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។