១៨ ឧសភា ២០១៧
កាលពីថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំបច្ចេកទេសទ្វេភាគីនៅធនាគាររដ្ឋវៀតណាម។ លោកជំទាវ Nguyen Thi Hong ទេសាភិបាលរង ធនាគាររដ្ឋវៀតណាម ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ បានទទួលគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា និងបានចែករំលែកបទពិសោធន៍ពី i/-ការអនុវត្តគោលនយោបាយរូបិយវត្ថុ រួមមាន ការធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ទីផ្សារអន្តរធនាគារ និង ប្រតិបត្តិការទីផ្សារបើកចំហរ ក្នុងគោលដៅគ្រប់គ្រងស្ថិរភាពអត្រាប្តូប្រាក់ និងស្ថានភាពសន្ទនីយភាព សំដៅរក្សាស្ថិភាពថ្លៃ និងរួមចំណែកការពារភាពប្រកួតប្រជែងនៃការនាំចេញ។ ii/-ការដាក់ឲ្យអនុវត្តប្រព័ន្ធការពារប្រាក់បញ្ញើ ដែលធនាគាររដ្ឋវៀតណាមបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ១៩៩៩។ ប្រព័ន្ធការពារប្រាក់បញ្ញើ មានសារៈសំខាន់ណាស់សម្រាប់ការពារអត្ថប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ពង្រឹងជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ និងជាពិសេសរក្សាស្ថិរភាពហិរញ្ញវត្ថុ។ និងiii/- ការគ្រប់គ្រងនិងសម្រួលការផ្ទេរប្រាក់ឆ្លងប្រទេស ដែលក្នុងនោះ វៀតណាមជាប្រទេសទទួលបានការផ្ទេរប្រាក់ចូលដោយអ្នកធ្វើការនិងគ្រួសារវៀតណាមនៅក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ដែលកើនឡើងយ៉ាងឆាប់រហ័ស។ ជារួម បទសោធន៍ទាំងនេះ មានសារៈប្រយោជន៍ណាស់ចំពោះមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាពការងារ។ កិច្ចប្រជុំនេះក៏រួមចំណែកពង្រឹងបន្ថែមទៀតនូវកិច្ចសហប្របត្តិការល្អប្រសើរដែលធនាគារកណ្តាលទាំងពីរមានផងដែរ។