១៦ ឧសភា ២០១៧
កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានរៀបចំការធ្វើបទបង្ហាញដែលឧទ្ទេសនាមដោយលោក Deepak Mishra ប្រធានផ្នែកសារពើពន្ធនិងម៉ាក្រូសេដ្ឋកិច្ច ស្តីពី “ស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ និងឥទ្ធិពលមកលើប្រទេសកម្ពុជា” ក្រោមអធិបតីភាពរបស់លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។ លោក Mishra បានចែករំលែកនូវទស្សនវិស័យរបស់ធនាគារពិភពលោកថា កំណើនពិភពលោករំពឹងថានឹងកើនឡើងក្នុងអត្រាខ្ពស់ជាងឆ្នាំមុននៅឆ្នាំ២០១៧ នេះ ប៉ុន្តែក្នុងរយៈពេលមធ្យមនឹងអាចប្រឈមនឹងហានិភ័យកើនឡើង ដោយភាពមិនប្រាកដប្រជានៃគោលនយោបាយប្រទេសអភិវឌ្ឍន៍ ជាពិសេស សហរដ្ឋអាមេរិក។
ចំពោះសេដ្ឋកិច្ចប្រទេសកម្ពុជា លោក Mishra មានសុទិដ្ឋិនិយមថាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងក្នុងអត្រាខ្ពស់ប្រមាណ ៦.៩% សម្រាប់ឆ្នាំ២០១៧, ២០១៨ និង២០១៩ ខាងមុខ។ ទន្ទឹមនេះ លោក Mishra ក៏បានផ្តល់យោបល់ផងដែរថា កម្ពុជាគួរបន្ត៖ i/-រក្សាឲ្យបាននូវម៉ាក្រូសេដ្ឋកិច្ចប្រុងប្រយ័ត្ន ii/-បង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការប្រកួតប្រជែង ពង្រឹងសមាហរណកម្មក្នុងតំបន់និងពិភពលោក និងតម្លើងខ្សែសង្វាក់ផលិតកម្ម និង iii/-វិនិយោគលើធនធានមនុស្សតាមរយៈការបង្កើនគុណភាពការអប់រំ ជំនាញ និងបច្ចេកទេស; ការគ្រប់គ្រងគុណភាព; និងការបង្កើនគុណភាពនៃការចំណាយសាធារណៈ។