០៧ មិថុនា ២០១៧
នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួប ឯកឧត្តម Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០១៧។ កន្លងមក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាបន្តបន្ទាប់ ដែលទស្សនកិច្ចទាំងនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជានិងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាការគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ទេសាភិបាល បានជម្រាបជូនពីប្រវត្តិនិងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យធនាគារកម្ពុជា ដែលបានដើរតួនាទីជាអន្តរការីហិរញ្ញវត្ថុយ៉ាងសំខាន់ និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ការអភិវឌ្ឍវិស័យធនាគារបានចាប់ផ្តើមពីដើមទសវត្សរ៍ឆ្នាំ២០០០ ក្រោយពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដែលបានអូសបន្លាយប្រមាណ៣០ឆ្នាំ។ ក្របខ័ណ្ឌច្បាប់និងបទប្បញ្ញតិ្តក្នុងវិស័យធនាគារត្រូវបានពង្រឹងជាលំដាប់ ស្របតាមស្ថានភាពរីកចម្រើននិងស្តង់ដារអន្តរជាតិ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស ការជួយពិនិត្យ តាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងផ្តល់អនុសាសន៍សំខាន់ៗ នាពេលកន្លងមក។
ឯកឧត្តម Furusawa បានគូសបញ្ជាក់ថា ស្ថិរភាពនយោបាយនិងសន្តិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស។ ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបានសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយទទួលបានអត្រាកំណើនជាមធ្យម ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរឹងមាំនៃវិស័យ ធនាគារ និងគាំទ្រការដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដោយបានពង្រឹងគុណភាពឥណទាន ដើមទុននិងសន្ទនីយភាពវិស័យធនាគារ។ ទន្ទឹមនេះ ឯកឧត្តម Furusawa បានបញ្ជាក់ឡើងវិញពីការគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តជាតិ ក្នុងការបន្តជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការជួយកសាងធនធានមនុស្ស និងការជួយតាមដានស្ថានភាពសេដ្ឋកិច្ច សំដៅអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។