ព័ត៌មាន
ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ សាខា​ខេត្តសៀមរាប​
១២ មិថុនា ២០១៧

កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ សាខា​ខេត្តសៀមរាប​ ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ទូទៅ​ និង​ប្រតិបត្តិការ​របស់​សាខា​នេះ​ ។​ ក្នុង​ពិធី​សំណេះសំណាល​នេះ​ លោកនាយក​សាខា​ បាន​រាយការណ៍​ស្តី​អំពី​ស្ថានភាព​ទូទៅ​នៃប្រតិបត្តិ​ការ​របស់​សាខា​ និង​ស្ថានភាព​ប្រព័ន្ធ​ធនាគារ​នៅ​ក្នុង​ខេត្ត​ទាំងមូល​ ជា​ពិសេស​ នៅ​ឆមាស​ទី​១​ ឆ្នាំ​២០១៧​ ។​ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ទេសាភិបាល​ មាន​មតិ​ណែនាំ​និង​ផ្តាំផ្ញើ​មួយ​ចំនួន​ដល់​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​សាខា​ខេត្តសៀមរាប​ ឱ្យ​បន្ត​គោរព​វិន័យ​ការងារ​និង​បទបញ្ជាផ្ទៃក្នុង​ គោរព​តាម​លក្ខន្តិកៈ​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ ពង្រឹងស្មារតី​យកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​ ត្រូវ​តាមដាន​គ្រប់​ប្រតិបត្តិការ​ប្រព័ន្ធ​ធនាគារ​ទាំងមូល​ ជា​ពិសេស​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ ដើម្បី​ចូលរួម​ចំណែក​រក្សា​ស្ថិរភាព​ និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​នៅ​ខេត្តសៀមរាប​ឱ្យ​កាន់តែ​រីក​ចម្រើន​ ។​