០៥ កក្កដា ២០១៧
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នេះ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “កម្មវិធីរក្សាសុវត្ថិភាពសម្រាប់អតិថិជន (Customer Security Program)” ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលរៀបចំឡើងនៅធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងក្រុមហ៊ុន SWIFT ។ សិក្ខាសាលានេះមានគោលបំណងចែករំលែកអំពីក្របខ័ណ្ឌរក្សាសុវត្ថិភាព ការពិនិត្យលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងផ្នែកផ្សេងទៀតពាក់ព័ន្ធនឹងការរក្សាសុវត្ថិភាពសម្រាប់អតិថិជន ។ លោកជំទាវ បានបញ្ជាក់ថា ការផ្តោតការយកចិត្តទុកដាក់លើ Cybersecurity ពិតជាមានសារៈសំខាន់ណាស់ ដោយសារ ១)- Cybersecurity គឺជាទំនួលខុសត្រូវរបស់គ្រឹះស្ថានផ្ទាល់ ពីព្រោះគ្រឹះស្ថានតូចឬធំអាចត្រូវរងគ្រោះដោយការរុករកទិន្នន័យពីខាងក្រៅគ្រប់ពេល ២)- ការគំរាមកំហែងពីខាងក្រៅគឺជាហានិភ័យដែលអាចបង្កឱ្យមានចំណាយប្រតិបត្តិការ និងអាចប៉ះពាល់ដល់កេរ្តី៍ឈ្មោះរបស់គ្រឹះស្ថាន និង ៣)- រក្សាកេរ្តិ៍ឈ្មោះប្រទេស ។ Cybersecurity បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុសកល ដោយសារតែមានបញ្ហាជាច្រើនបានកើតមានកាលពីឆ្នាំកន្លងទៅ ។