០៧ កក្កដា ២០១៧
កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ញើញចូលរួម ក្នុងពិធីសម្ភោធជាផ្លូវការក្រុមហ៊ុន “ស្ពីត ផេ ម.ក” ។ ក្រុមហ៊ុន ស្ពីត ផេ ម.ក. គឺជាគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលត្រូវបានធនាគារជាតិនៃកម្ពុជាផ្ដល់ជំនឿទុកចិត្ត ដោយបានផ្ដល់អាជ្ញាប័ណ្ណអ្នកដំណើរការតតិយភាគីផ្តល់សេវាទូទាត់សងប្រាក់ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ក្រោមការធានាទទួលខុសត្រូវលើប្រតិបត្តិការពីធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ។ ក្រុមហ៊ុន ស្ពីត ផេ ម.ក. ផ្តល់សេវាកម្មទូទាត់សងប្រាក់ដូចជា ការដាក់/ដកប្រាក់ ការទូទាត់វិក្ក័យបត្រ ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ភ្នាក់ងារទូទាត់សាច់ប្រាក់ និងការទូទាត់តាមរយៈអេឡិចត្រូនិក ។ ក្នុងគោលបំណងជំរុញបរិយាប័ន្នហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ ធនាគារជាតិនៃកម្ពុជាបាន អនុញ្ញាតឲ្យមានវត្តមានរបស់គ្រឹះស្ថានអ្នកដំណើរការតតិយភាគីផ្ដល់សេវាទូទាត់សងប្រាក់ ដើម្បី ផ្តល់សេវាទូទាត់សងប្រាក់ដល់សាធារណជនទូទៅ ជាពិសេសផ្តោតទៅលើអតិថិជនក្រីក្រនៅ តាមទីជនបទដែលពុំមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុបានទូលំទូលាយ ។ ក្នុងនាមជាបញ្ញត្តិករនៃប្រព័ន្ធទូទាត់សងប្រាក់ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយ ប្រកាសស្តីពី "ការគ្រប់គ្រងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់" ដែលជាបទប្បញ្ញត្តិសម្រាប់គ្រប់ គ្រងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ឱ្យធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព ជំរុញការប្រកួតប្រជែងដោយស្មើភាពនិងគំនិតច្នៃប្រឌិត និងបង្កើនជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធទូទាត់សងប្រាក់ ។