១០ កក្កដា ២០១៧
ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សូមសម្តែងទឹកចិត្តរំភើបឥតឧបមានិងចូលរួមអបអរសាទរការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈកិច្ចប្រជុំលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រនិងអប់រំរបស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
សេចក្តីសម្រេចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់និងជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ហើយបានឆ្លុះបញ្ចាំងពីស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់លើកកិត្យានុភាពជាតិលើឆាកអន្តរជាតិ ក៏ដូចជាការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌប្រកបដោយចីរភាព។