ព័ត៌មាន
កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​បេសកកម្ម​មាត្រា​ទី​IV​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​លោក​ Markus​ Rodlauer
២៥ កក្កដា ២០១៧

​កាល​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​បេសកកម្ម​មាត្រា​ទី​IV​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​លោក​ Markus​ Rodlauer​ អនុប្រធាន​នាយកដ្ឋាន​អាស៊ី​ប៉ា​ហ្វិ​ក​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​។​ បេសកកម្ម​មាត្រា​ទី​IV​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ត្រូវ​បាន​ចាប់ផ្តើម​ ឡើង​កាលពី​ថ្ងៃ​ទី​១២​ ដល់​ ២៥​ ខែកក្កដា​ ឆ្នាំ​២០១៧​ នៅ​កម្ពុជា​ដើម្បី​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧​។​
​លោក​ Jarkko​ Turunen​ ប្រធាន​ក្រុម​បេសកកម្ម​ បាន​ជម្រាប​ពី​ការ​វាយតម្លៃ​របស់​ IMF​ ថា​ កម្ពុជា​បន្ត​មាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​ ៧%​នៅ​ឆ្នាំ​២០១៧​ ជាមួយ​និង​កម្រិត​អត្រា​អតិផរណា​ទាប​ប្រមាណ​៣%​។​ ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង​ និង​អាច​ធានា​ការ​នាំ​ចូល​ទំនិញ​និង​សេវា​បាន​ប្រមាណ​៥,៧​ខែ​។​ ក្នុង​វិស័យ​ ធនាគារ​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធានការ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​បាន​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​កំណើន​ឥណទាន​ និង​រក្សា​ស្ថិរភាព​ ហិរញ្ញវត្ថុ​។​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ជឿជាក់​ថា​ កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​សមិទ្ធផល​សេដ្ឋកិច្ច​ថ្មីៗ​បន្ថែម​ទៀត​លើ​អ្វី​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ប៉ុ​ន្មា​ទសវត្សរ៍​ចុង​ក្រោយ​ និង​ជំនះ​បញ្ហា​ប្រឈម​នា​ពេល​ខាង​មុខ​បាន​ដោយ​ជោគជ័យ​។​
​ជា​កិច្ច​ឆ្លើយ​តប​ ឯកឧត្តម​ទេសាភិបាល​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដែល​បាន​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ និង​តែងតែ​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​និង​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​សមត្ថភាព​ ជា​ពិសេស​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​។​ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​យក​ការ​វាយតម្លៃ​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រួម​ទាំង​អនុសាសន៍​ចម្បងៗ​នានា​ ដែល​ផ្តល់​ដោយ​ក្រុម​បេសកកម្ម​ ធ្វើ​ជា​ធាតុ​ចូល​ទៅ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ធនាគារ​នា​ពេល​ខាង​មុខ​ ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ ឆ្នាំ​២០១៦-២០២៥​ របស់​រាជរដ្ឋាភិបាល​។​