០៣ សីហា ២០១៧
កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានធ្វើបាឋកថា ស្តីពី ប្រវត្តិ ការរីកចម្រើន និងទិសដៅនៃការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និស្សិត សិក្ខាកាម និងសិស្សនៃបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណ ១.៥០០ នាក់។
ឯកឧត្តម ទេសាភិបាល បានជម្រាបជូនអង្គសិក្ខាសាលាពីការកកើតរូបិយវត្ថុនិងប្រព័ន្ធធនាគារនៅកម្ពុជា ដែលបានឆ្លងកាត់នូវដំណាក់កាលជាច្រើន រាប់ចាប់តាំងពីក្នុងសម័យអាណាព្យាបាលបារាំង ១៨៦៣-១៩៥៣ ការទទួលបានឯករាជ្យផ្នែករូបិយវត្ថុ និងការបង្កើតធនាគារជាតិនៃកម្ពុជាលើកដំបូងនៅឆ្នាំ១៩៥៤ ការធ្វើកំណែទម្រង់ ការលុបបំបាត់រូបិយវត្ថុសម័យ ប៉ុល ពត ការដាក់ឱ្យចរាចរប្រាក់រៀលនិងការបង្កើតប្រព័ន្ធធនាគារឡើងវិញ រហូតដល់ការអភិវឌ្ឍប្រព័ន្ធធនាគារឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។
បច្ចុប្បន្ន វិស័យធនាគារបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ តាមរយៈមុខងារភារកិច្ចចម្បងៗ រួមមាន៖ ការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការអភិវឌ្ឍប្រព័ន្ធធនាគារនិងប្រព័ន្ធទូទាត់។ ឯកឧត្តម ក៏បានបង្ហាញពីគោលដៅយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យវិស័យធនាគារមានលក្ខណៈប្រកួតប្រជែង សមាហរណកម្ម និងប្រសិទ្ធភាព ដោយដាក់ចេញនូវបទប្បញ្ញត្តិនិងការត្រួតពិនិត្យ ជាមួយនឹងការកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានសម្តែងការកោតសរសើរចំពោះវីរភាពដ៏អង់អាចរបស់មន្ត្រីនគរបាលជាតិដែលបានបំពេញភារកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម នារយៈពេលកន្លងមក។ ហើយការងាររក្សាស្ថិរភាពទាំងនេះមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
តាងនាមថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និស្សិត សិក្ខាកាម និងសិស្សនៃបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ទេសាភិបាល និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកចែករំលែកចំណេះនិងបទពិសោធន៍លើប្រធានបទដ៏មានសារៈសំខាន់និងមានអត្ថន័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។