០១ សីហា ២០១៧
កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារកណ្តាលចិន ខេត្ត Guangxi ដឹកនាំដោយលោក Yang Zhengdong អគ្គនាយករងសាខាធនាគារកណ្តាលចិន ខេត្ត Guangxi ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។ ជំនួបនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងហិរញ្ញវត្ថុទ្វេភាគីលើចំណុចសំខាន់ៗដូចជា៖ i/-ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកក្នុងការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ii/-ការដាក់ដំណើរការជួញដូរប្រាក់រៀល និងប្រាក់យ៉ន់ចិនក្នុងទីផ្សារអន្តរធនាគារក្នុងតំបន់ខេត្ត Guangxi iii/-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងក្នុងការស៊ើបអង្កេតឥណទាន និង iv/-ការផ្លាស់ប្តូរលទ្ធផលវិភាគនិងព័ត៌មានពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ឆ្លងប្រទេស។
នេះគឺជាកិច្ចប្រជុំលើកទីបីហើយបន្ទាប់ពីក្រុមការងារធនាគារជាតិនៃកម្ពុជានិងសាខាធនាគារកណ្តាលចិន ខេត្ត Guangxi បានសិក្សាពីកិច្ចសហប្រតិបត្តិការលើផ្នែកខាងលើ ជាពិសេស ការជំរុញការប្រើប្រាស់ប្រាក់យ័នចិន និងប្រាក់រៀលខ្មែរក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។
គួរបញ្ជាក់ថា ធនាគារកណ្តាលចិនខេត្ត Guangxi បានជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងប្រតិបត្តិការទ្វេភាគីជាមួយប្រទេសកាហ្សាក់ស្ថាន និងវៀតណាម ជាដើម។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបានដាក់ផ្សាយអត្រាប្តូរប្រាក់យ៉ន់ និងរៀលនៅគេហទំព័ររបស់ខ្លួនរួចហើយ ហើយនាពេលខាងមុខដ៏ខ្លី ធនាគារកណ្តាលចិន ខេត្ត Guangxi នឹងដាក់ផ្សាយអត្រាប្តូរប្រាក់យ៉ន់-រៀលនៅលើទីផ្សារអន្តរធនាគាររបស់ខ្លួន។ ធនាគារកណ្តាលចិនគ្រោងនឹងប្រារព្ធពិធីដាក់ផ្សព្វផ្សាយអត្រាប្តូរប្រាក់យ៉ន់-រៀលនេះ នៅខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ។ ការដាក់ផ្សាយអត្រាប្តូរប្រាក់ធ្វើឡើងក្នុងគោលបំណងផ្តល់ជម្រើសដល់គ្រឹះស្ថានធនាគារចិន វិនិយោគិន ពាណិជ្ជករ ឬទេសចរណ៍ចិន អាចទទួលបានប្រាក់រៀលនៅក្នុងទីផ្សារអន្តរធនាគារចិន ដែលនេះគឺជាការផ្តល់តម្លៃដល់ប្រាក់រៀលលើឆាកអន្តរជាតិថែមទៀត។