ព័ត៌មាន
ពិធី​បើក​វគ្គ​សុក្រឹតការ​ ជំនាន់​ទី​១២​ 
១០ សីហា ២០១៧

​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​បើក​វគ្គ​សុក្រឹតការ​ជំនាន់​ទី​១២​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៦២​រូប​ មក​ពី​ទីស្នាក់ការ​កណ្តាល​ចំនួន​៤៣​រូប​ និង​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ចំនួន​១៩​រូប​។​ វគ្គ​សុក្រឹតការ​នេះ​មាន​គោលបំណង​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ដល់​មន្ត្រី​បុគ្គលិក​ដែល​ទើបបាន​ចូល​បម្រើ​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ទាក់ទង​នឹង​ទស្សនវិស័យ​ បេសកកម្ម​ និង​មុខងារ​ភារកិច្ច​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ជា​ពិសេស​អំពី​មុខងារ​ភារកិច្ច​ស្នូល​ ដូច​ជា​ ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ កា​ត្រួតពិនិត្យ​វិស័យ​ធនាគារ​ ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ជុំវិញ​ពិភពលោក​ និង​បញ្ហា​ប្រឈម​ថ្មីៗ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ទេសាភិបាល​ បាន​ផ្តាំផ្ញើ​ឱ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​ត្រងត្រាប់​ស្តាប់​ការ​ឧទ្ទេសនាម​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​ដោយ​យកចិត្តទុកដាក់​ ដើម្បី​ទទួលយក​ចំណេះដឹង​និង​បទ​ពិសោធន៍​ទៅ​អនុវត្ត​ការងារ​ ឱ្យ​បាន​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​