២៣ សីហា ២០១៧
នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជារក្សាបានស្ថិរភាពថ្លៃនិងតម្លៃប្រាក់រៀលល្អប្រសើរ ដែលបានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង អតិផរណាមានអត្រាជាមធ្យម ៣,៨% ហើយអត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤,០០០ រៀលក្នុងមួយដុល្លារអាមេរិក។ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ គោលនយោបាយរូបិយវត្ថុដើម្បីរក្សាស្ថិរភាពថ្លៃ ពឹងផ្អែកជាចម្បងលើការរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ ស្ថិរភាពអត្រាប្តូរប្រាក់រក្សាអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែករក្សាអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន។ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ធនាគារជាតិនៃកម្ពុជាបាន ធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយផ្គត់ផ្គង់ប្រាក់រៀលស្របតាមស្ថានភាពទីផ្សារ ក្នុងគោលបំណង បញ្ចៀសនូវបម្រែបម្រួលខ្លាំងនៃអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដែលកើតចេញពីកត្តា រដូវកាល ដូចជា តម្រូវការប្រាក់រៀលសម្រាប់ការបង់ពន្ធ និងការទិញកសិផល។ នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧នេះ អត្រាអតិផរណាមានកម្រិតជាមធ្យម ៣,៥% ដោយបានថយចុះពីប្រមាណ ៤,៤% កាលពីខែមករា មក ២,៣% នៅខែមិថុនា ឆ្នាំ២០១៧។ ទន្ទឹមនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកជាមធ្យមមានកម្រិត ៤,០៣៧ ដោយមានការប្រែប្រួលត្រឹមតែ -០,២% ប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន។ នៅឆ្នាំ២០១៧ អត្រាអតិផរណាជាមធ្យមរំពឹងថាមានកម្រិត ៣%។ ដើម្បីបន្តរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ជាតិ ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ននិងទន់ភ្លន់ ដើម្បីបន្តរក្សាអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតទាប តាមរយៈការរក្សាស្ថិរភាពអត្រា ប្តូរប្រាក់និងគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុ ស្របតាមការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចជាតិ។