០៨ កញ្ញា ២០១៧
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (International Financial Reporting Standard - IFRS) សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងរយៈពេលបីសប្តាហ៍ ក្រោមជំនួយបច្ចេកទេសរបស់រតនាគារសហរដ្ឋអាមេរិក ក្នុងគោលបំណងបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្ត្រីបង្គោលរបស់ធនាគារជាតិនៃកម្ពុជាឲ្យបានយល់ច្បាស់ពីគោលការណ៍ស្តង់ដារស្តីពីការរាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដើម្បីត្រៀមខ្លួនក្នុងការវិភាគ និងវាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយអនុលោមតាមស្តង់ដាររាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៅឆ្នាំ២០១៩ ខាងមុខ ។