ព័ត៌មាន
ជំនួប​រវាង​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​
១៣ កញ្ញា ២០១៧

​កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ លោក​ Mathew​ Fox​ នាយក​ប្រតិបត្តិ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​អាទិភាព​មួយ​ចំនួន​នៅ​កម្ពុជា​។​ ​

ឯកឧត្តម​ ទេសាភិបាល​ បាន​ជម្រាប​ជូន​ លោក​ Mathew​ Fox​ ថា​ ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​និង​សុខ​សន្តិភាព​ពេញលេញ​ ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​កម្ពុជា​សម្រេច​បាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​នា​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​២០១៧​ នេះ​ កម្ពុជា​រំពឹង​ថាស​ម្រេច​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ក្នុង​អត្រា​ ៧%​ ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​សម​ស្រប​ត្រឹម​ ២,៣%​។​ ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០១៧​នេះ​ លំហូរ​វិនិយោគ​ផ្ទាល់​បរទេស​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ប្រមាណ​ ៨៩%​ ខណៈ​ឥណទាន​មាន​កំណើន​សម​ស្រប​ប្រមាណ​ ១៦%​។​ បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដែល​វាស់​ដោយ​អត្រា​ប្រជាជន​ពេញវ័យ​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ធៀប​នឹង​ប្រជាជន​ពេញវ័យ​សរុប​បាន​កើន​ដល់​អត្រា​ប្រមាណ​ ៥៥%​។​ ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា​ ក្រោម​ជំនួយ​បច្ចេកទេស​របស់​ ADB​ កាលពី​ខែមិថុនា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​រាជរដ្ឋាភិបាល​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥​។​ ផ្អែក​តាម​ផែនការ​សកម្មភាព​ដែល​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បានការ​ងារ​ជា​ច្រើន​ដូច​ជា​ ៖​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនឿ​ទុកចិត្ត​និង​អន្តរ​ការិយកម្ម​ហិរញ្ញវត្ថុ​ការ​រក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​ ការ​ជំរុញ​អភិបាលកិច្ច​ល្អ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​និង​មុខងារ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ឯកឧត្តម​ ទេសាភិបាល​ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ADB​ ដែល​តែងតែ​ចូលរួម​គាំទ្រ​និង​ផ្តល់​ជំនួយ​បច្ចេកទេស​មក​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​ការ​កសាង​សមត្ថភាព​ជំនាញ​របស់​មន្ត្រី​បុគ្គលិក​ តាម​រយៈ​អាហារូបករណ៍​ កិច្ចប្រជុំ​ សិក្ខាសាលា​ វគ្គ​បណ្តុះបណ្តាល​នានា​ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ និង​សមាហរណកម្ម​សេវា​ហិរញ្ញវត្ថុ​អាស៊ាន​។​ ​ក្នុង​ឱកាស​នោះ​ដែរ​ ADB​ បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​ដូច​ជា​ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​មានការ​រីក​ចម្រើន​ជា​លំដាប់​។​ ADB​ បាន​ប្តេជ្ញា​បន្ត​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​