ព័ត៌មាន
ជំនួប​រវាង​លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុម​បេសកកម្ម​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​
១៤ កញ្ញា ២០១៧

​កាលពី​ថ្ងៃ​ទី​ ១៤​ ខែកញ្ញា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​ កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​មក​ពី​ការិយាល័យ​ជំនួយ​បច្ចេកទេស​សម្រាប់​ឡាវ​និង​មី​យ៉ា​ន់​ម៉ា​ (TAOLAM)​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ចូល​ជួប​សម្តែង​ការ​គួរសម​។​ ក្រុម​បេសកកម្ម​នេះ​ ដឹកនាំ​ដោយ​លោក​ David​ Cowen​ នាយក​ការិយាល័យ​ TAOLAM​ អម​ដោយ​លោក​ Javier​ Arze​ del​ Granado​ ទីប្រឹក្សា​ម៉ាក្រូសេដ្ឋកិច្ច​នៃ​ការិយាល័យ​ TAOLAM​ ដែល​នឹង​បញ្ចប់​អាណត្តិ​នៅ​ចុងខែ​កញ្ញា​នេះ​ និង​Vladimir​ Klyuev​ ដែល​ជា​អ្នក​បន្ត​តំណែង​។​ ក្នុង​ជំនួប​នោះ​ លោក​ David​ Cowen​ បាន​ជម្រាប​ជូន​ថា​ កម្ពុជា​ទទួល​បាន​ឱកាស​កាន់តែ​ច្រើន​ជាង​មុន​ក្នុង​ការ​ទទួល​បានការ​បណ្តុះបណ្តាល​និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ តាម​រយៈ​ការ​ស្នើ​សុំ​ដល់​ការិយាល័យ​ TAOLAM​។​ ជា​កិច្ច​ឆ្លើយ​តប​ លោក​ជំទាវ​ ទេសាភិបាល​រង​ បាន​ថ្លែងអំណរគុណ​ដល់​មូលនិធិ​រូបិយ​វត្ថុ​ ជា​ពិសេស​ការិយាល័យ​TAOLAM​ ដែល​តែងតែ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ លើ​ផែ្ន​ក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​ទាំងនេះ​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព​។​


​ឆ្លៀត​ក្នុង​ឱកាស​នៃ​បេសកកម្ម​នោះ​ដែរ​ លោក​ Javier​ Arze​ del​ Granado​ និង​លោក​ Vladimir​ Klyuev​ បាន​ចូលរួម​កិច្ចប្រជុំ​ស្តី​ពី​ ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ ជាមួយ​មន្ត្រី​ជំនាញ​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​គោលបំណង​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ និង​គោលដៅ​អនាគត​ដែល​ក្រុមការងារ​ចង់បាន​និង​ត្រូវ​អនុត្ត​បន្ត​ ដើម្បី​សម្រេច​បាន​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​សម្រាប់​បម្រើ​ដល់​ការ​សម្រេចចិត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ គោលនយោបាយ​សារពើពន្ធ​ ព្រមទាំង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​។​