ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​គណៈអធិបតី​បើក​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ “​ការ​រៀបចំ​ម៉ូ​ដែល​តាម​សេដ្ឋ​មាត្រ​សាស្ត្រ​”​
២៥ កញ្ញា ២០១៧

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាល ដោយមានកិច្ចសហការរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនិងមជ្ឈមណ្ឌលស៊ានសិន ស្តីពី “ការរៀបចំម៉ូដែលតាមសេដ្ឋមាត្រសាស្រ្ត” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមកម្មវិធីបណ្តុះបណ្តាលរបស់គណៈកម្មាធិការកសាងសមត្ថភាព (SCCB) នៃក្របខ័ណ្ឌសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន (AFIF) ដើម្បីង្រឹងសមត្ថភាពមន្រ្តីជំនាញរបស់ធនាគារកណ្តាលនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលនេះមកពីធនាគារកណ្តាលមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចំនួន ៣០រូប ដែលនឹងទទួលបាននូវចំណេះដឹងជំនាញនិងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញលើការបង្កើតនិងអភិវឌ្ឍម៉ូដែលសេដ្ឋកិច្ច សម្រាប់ព្យាករអញ្ញាតម៉ាក្រូសេដ្ឋកិច្ចចម្បងៗ ដែលជាធាតុចូលក្នុងការរៀបចំគោលនយោបាយពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាព។