២៧ កញ្ញា ២០១៧
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពក្នុងការអនុវត្តគម្រោងដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ” ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ Good Return និង អង្គការ World Education Cambodia។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលសំខាន់ៗ ដើម្បីជាជំនួយក្នុងការអនុវត្តគម្រោងដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយជោគជ័យ ។ គម្រោងដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ នឹងក្លាយជាយន្តការក្នុងការបណ្តុះអាកប្បកិរិយាវិជ្ជមានផ្នែកហិរញ្ញវត្ថុ សម្រាប់សិស្សានុសិស្សទូទាំងប្រទេសកម្ពុជា។