០៩ តុលា ២០១៧
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនស្ថាប័ន និងភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន អំពីការវិវត្តថ្មីៗនិងបញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុ និងរួមគ្នាអនុវត្តដំណោះស្រាយដើម្បីឲ្យការអភិវឌ្ឍនៃវិស័យនេះកាន់តែមាននិរន្តរភាព នាពេលអនាគត។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសរបស់ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល អភិបាលរង ស្ថាប័នតុលាការ ស្នងការនគរបាល កងរាជអាវុធហត្ថ និងជាពិសេស អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ទូទាំងខេត្តកណ្តាល សរុបប្រមាណ ៦០០ នាក់ ។