ព័ត៌មាន
ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ និង​ឥទ្ធិពល​មក​លើ​កម្ពុជា​
២៧ តុលា ២០១៧

នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​មូលនិធិ​រូបិយ​​វត្ថុ​អន្តរជាតិ​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ និង​ឥទ្ធិពល​មក​លើ​កម្ពុជា​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​លោកស្រី​ Yong​ Sarah​ Zhou​ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​ មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ តំណាង​ដៃគូ​អភិវឌ្ឍន៍​ ស្ថានទូត​ និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​សរុប​ប្រមាណ​១០០​នាក់​។​
​សេដ្ឋកិច្ច​ពិភពលោក​នឹង​បង្កើន​ល្បឿន​កំណើន​បន្ដិច​ថែម​ទៀត​នៅ​ឆ្នាំ​២០១៧​ និង​២០១៨​ ដល់​ ៣,៦%​ និង​ ៣,៧%​ រៀង​គ្នា​ ដែល​រួមចំណែក​ចម្បង​ដោយ​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ ជា​ពិសេស​ចិន​និង​ឥណ្ឌា​ និង​ការ​ប្រសើរ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍​។​ នៅ​តំបន់​អាស៊ី​ សេដ្ឋកិច្ច​មាន​កំណើន​ល្អ​ប្រសើរ​ក្នុង​អត្រា​ ៥,៦%​ ក្នុង​ឆ្នាំ​២០១៧​ ដោយសារ​ការ​នាំ​ចេញ​និង​ការ​នាំ​ចូល​មាន​កម្រិត​ខ្ពស់​ លំហូរ​ចូល​នៃ​មូលធន​មាន​ទំហំ​ធំ​ និង​អត្រា​អតិផរណា​មាន​កម្រិត​ទាប​។​ ចំពោះ​អាស៊ាន​ ប្រទេស​ភាគច្រើន​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ ហើយ​កំណើនសេដ្ឋកិច្ច​តំបន់​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ក្នុង​អត្រា​ ៥,១%​ ក្នុង​ឆ្នាំ​២០១៧​។​ បរិ​ដ្ឋា​ន​សេដ្ឋកិច្ច​ពិភពលោក​និង​តំបន់​មាន​ភាព​អំណោយផល​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​គាំទ្រ​ដល់​កំណើន​ការ​នាំ​ចេញ​ វិស័យ​ទេសចរណ៍​ និង​លំហូរ​មូលធន​។​ IMF​ បាន​រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ក្នុង​អត្រា​ប្រមាណ​ ៧%​ ក្នុង​ឆ្នាំ​២០១៧​និង​២០១៨​ ជាមួយនឹង​អតិផរណា​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន​ប្រមាណ​ ៣%​ ។​