ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ​ អេ​វ៉ា​ ង្វៀ​ន​ ប៊ិ​ញ​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​បារាំង​ ចូល​ជួប​សម្តែង​ការ​គួរសម​
២០ វិចិ្ឆកា ២០១៧

កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ​ អេ​វ៉ា​ ង្វៀ​ន​ ប៊ិ​ញ​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​បារាំង​ ចូល​ជួប​សម្តែង​ការ​គួរសម​ ។​ ក្នុង​ឱកាស​នេះ​ ឯកឧត្តម​ បាន​ជម្រាប​ជូន​លោក​ជំទាវ​ ពី​វឌ្ឍនភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដោយ​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​ខ្ពស់​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ដោយសារ​មាន​ស្ថិរភាព​នយោបាយ​និង​សុខ​សន្តិភាព​ពេញលេញ​។​ ទន្ទឹម​នេះ​ឯកឧត្តម​ ក៏​បាន​ជម្រាប​ជូន​ពី​ ស្ថានភាព​ប្រព័ន្ធ​ធនាគារ​និង​ការ​កកើត​រូបិយ​វត្ថុ​ រហូត​ដល់​ពេល​បច្ចុប្បន្ន​។​ ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា​ វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ជំទាវ​ក៏​បាន​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​នយោបាយ​។​ លោក​ជំទាវ​ ក៏​បាន​កោតសរសើរ​ពី​សមិទ្ធផល​នានា​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បាន​ និង​បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​ឯកឧត្តម​ ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ​ចូល​ជួប​សម្តែង​ការ​គួរសម​។​