ព័ត៌មាន
សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​
៣០ វិចិ្ឆកា ២០១៧

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១២​កើត​ ខែ​មិគសិរ​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ គ​.​ស​.​ ២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្តី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ នៅ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ ខេត្តកំពង់ចាម​។​ សិក្ខាសាលា​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បន្ត​ផ្សព្វផ្សាយ​ជូន​ភាគី​ពាក់ព័ន្ធ​ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ អំពី​ការ​វិវឌ្ឍន​ថ្មីៗ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ បញ្ហា​ប្រឈម​ និង​រួម​គ្នា​អនុវត្ត​ដំណោះស្រាយ​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​នៃ​វិស័យ​នេះ​កាន់តែ​មាន​និរន្តរភាព​ នា​ពេល​អនាគត​។​ សិក្ខាសាលា​នេះ​មានការ​អញ្ជើញ​ជា​កិត្តិយស​របស់​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ ទូច​ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ ឯកឧត្តម​ ខ្លូត​ ផ​ន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ ឯកឧត្តម​ គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ អភិបាលរង​ ស្ថាប័ន​តុលាការ​ ស្នងការ​នគរបាល​ កងរាជអាវុធហត្ថ​ មន្ទីរ​ជុំវិញ​ខេត្ត​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សស​យក​)​ ប្រចាំ​ខេត្តកំពង់ចាម​ ក្រុម​យុវជន​កាយ​រិ​ទ្ធ​ខេត្តកំពង់ចាម​ និង​ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ទូ​ទាំង​ខេត្ត​ សរុប​ប្រមាណ​ ៤០០​នាក់​។​