ព័ត៌មាន
សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៤​ ឆ្នាំ​២០១៧​ ស្តី​ពី​ "​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​"​
០៥ ធ្នូ ២០១៧

ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៤​ នៅ​ថ្ងៃ​អង្គារ​ ២​រោច​ ខែ​មិគសិរ​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​៥​ ខែធ្នូ​ គ​.​ស​.​ ២០១៧​ ស្ដី​ពី​ “​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​។​ សន្និសីទ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​សាកលវិទ្យាល័យ​ វិទ្យាស្ថាន​ស្រាវជ្រាវ​ សេដ្ឋវិទូ​ និស្សិត​ និង​សាធារណជន​ ប្រមាណ​ជាង​២៥០​ នាក់​។​ 

 

​គោលបំណង​នៃ​សន្និសីទ​នេះ​ គឺ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​នៅ​កម្ពុជា​ លើ​ប្រធានបទ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ហិរញ្ញវត្ថុ​ និង​លើកកម្ពស់​ការ​ពិភាក្សា​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ អ្នកជំនាញ​ និង​អ្នក​រៀបចំ​គោលនយោបាយ​ ជា​ពិសេស​ ដើម្បី​ពិភាក្សា​និង​ចែករំលែក​ចំណេះដឹង​ អំពី​សារៈសំខាន់​និង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ (Fintech)​និង​ ដើម្បី​រួមចំណែក​ក្នុង​គោលនយោបាយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ប្រធានបទ​ចំនួន​៣​ ដែល​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ក្នុង​អង្គ​សន្និសីទ​ គឺ​ ៖​ i/-​ ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ii/-​ វឌ្ឍនភាព​និង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​លើ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ និង​iii/-​ តួនាទី​របស់​បច្ចេកវិទ្យា​ក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ៖​ “​បទ​ពិសោធន៍​ពី​ប្រទេស​ឥណ្ឌា​”​។​